សម្តេចតេជោអនុញ្ញាតឱ្យកាយផ្លូវបើកមុខទឹកនៅស្ពានតាផាន់និងកន្លែងមួយចំនួនទៀតដើម្បីរំដោះទឹកជំនន់

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
MC៖សម្តេចតេជោ អនុញ្ញាតឱ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រសួងធនធានទឹក និងក្រសួងសាធារណការ សហការគ្នា ក្នុងការកាយផ្លូវបើកមុខទឹក ទោះបីត្រូវកាត់ផ្ដាច់ផ្លូវខ្លះក៏ដោយ ដើម្បី ឱ្យទឹកហូរបានលឿនទៅកាន់ទន្លេសាប បញ្ចៀសការ ជន់លិច ។
ថ្លែងក្នុងពិធីអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋចំនួន១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារ ជំនន់ទឹកភ្លៀង នាព្រឹកថ្ងៃទី២១ខែតុលា នៅខេត្តបន្ទាយមានជ័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយល់ស្របតាមការស្នើសុំរបស់អភិបាលខេត្តបន្ទាយមានជ័យ ជាមួយសំណើដែលសុំបើកទ្វារទឹក ដើម្បីកាត់បន្ថយជំនន់ទឹកភ្លៀង ។ប៉ុន្តែ ករណីនេះ ត្រូវសហការគ្នាជាមួយ ក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងសាធារណការ និងដឹកជញ្ជូន។ សម្តេចតេជោ បានបញ្ជាក់ថា ការបើកទ្វារទឹកបន្ថែម និងការពង្រីកស្ពាន មិនមែនជារឿងថ្មីនោះទេ ប៉ុន្តែវាជាការដោះស្រាយបញ្ហាដែលបានជួបប្រទះ ។ សម្តេចតេជោ បន្ថែមថា ផ្លូវជាតិឬតំបន់ណាដែលត្រូវកាត់ផ្តាច់ដោយសារទឹកជំនន់ ពេលទឹកស្រកគឺត្រូវសាងសង់ស្ពាន នៅកន្លែងនោះ ចំណែកឯស្ពានដែលមានស្រាប់ គឺត្រូវពង្រីកបន្ថែមដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហាទឹកជំនន់នេះ ។
សំឡេង«ខ្ញុំយល់ស្របហើយត្រូវធ្វើការងាររវាង ក្រសួងធនធានទឹកនិងក្រសួងសារធារណការ បើត្រូវផ្តាច់ផ្លូវតំបន់ខ្លះ គឺស្ពានតូច អ៊ីចឹងយើងអាចកាត់ផ្តាច់បន្ថែមផ្លូវ ប៉ុន្តែកសាងស្ពានជំនួសវិញ ។ ហើយរឿងនេះមិនមែនរឿងថ្មីទេ នៅផ្លូវជាតិលេខ១ ដែលខ្ញុំបានឱ្យកាត់នៅឆ្នាំ២០០០ ដោយសារតែពេលនោះ គឺសម័យកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម វាទៅជាតូចត្រូវតែកាត់ផ្តាច់វាក្រោយមកជប៉ុនបានធ្វើប្រឡាយហ្នឹងហើយធ្វើស្ពានធំ នៅផ្លូវជាតិលេខ២ដែលហៅថា ព្រៃអាទាំង ពីដើមវាតូចណាស់កន្លែងហ្នឹងឥឡូវកាត់ឱ្យវាធំ នៅកន្លែងនេះក៏ដូចគ្នាដែរ កន្លែងដ៏ទៃក៏ដូចគ្នាដែរ បើវាចំចរន្តបុកទឹកមកហើយ បែរជាកន្លែងហ្នឹង តំបន់ហ្នឹងគឺវាតូច យើងអាចនឹងពង្រីកស្ពានហ្នឹង ផ្តាច់ថែមដើម្បីឱ្យទឹកហូររំដោះទឹកចេញបានឆាប់ជាងនេះ » ៕