សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននឹងរួចរាល់នៅឆ្នាំ២០២០នេះ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
MC៖ ក្រសួងព័ត៌មានប្ដេជ្ញារៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានឱ្យរួចរាល់នៅឆ្នាំ ២០២០នេះ ដើម្បីធានាឱ្យ សាធារណជនគ្រប់រូបទទួលបានព័ត៌មានពីស្ថាប័នសាធារណៈ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មានមានប្រសាសន៍ថា កិច្ចប្រជុំនេះរៀបចំឡើងដើម្បីធ្វើការពិនិត្យជាលើកចុងក្រោយ ទាក់ទងទៅនឹងសំណើរបស់ក្រសួងយុត្តិធម៌ពាក់ព័ន្ធនឹងទោសបញ្ញត្តិ នៅក្នុងសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាន ដែលក្រសួងព័ត៌មានកំពុងដំណើរការរៀបចំ។
ឯកឧត្តម បានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ឯកភាពគ្នាសម្រេចជាលទ្ធផលរួចហើយ គណៈកម្មការរៀបចំនឹងគ្រោងជួបប្រជុំជាមួយក្រុមការងារបច្ចេកទេសក្រសួងយុត្តិធម៌ ហើយនៅចុងបញ្ចប់នឹងមានការជួបប្រជុំគ្នារវាង រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីធ្វើការពិនិត្យសម្រេច ជាចុងក្រោយ សម្រាប់សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះតែម្តង។
ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការប្រជុំនេះ ដើម្បីកែសម្រួលនូវចំណុចខ្លះៗ នៃមាត្រាមួយចំនួន ដើម្បីពន្លឿនសេចក្តីព្រាងច្បាប់នេះ ឱ្យបានឆាប់ចប់រួចរាល់ ។
សំឡេង៖ « ក្រុមការងារបច្ចេកទេសរបស់ក្រសួងព័ត៌មាន ក៏ដូចជាក្រុមការងារបច្ចេកទេសក្រសួងយុត្តិធម៌កំពុងតែខិតខំ នៅក្នុងការរៀបចំពិភាក្សាគ្នាទៅលើដំណើរការពិនិត្យមតិយោបល់មួយចំនួនឱ្យបានឆាប់ ហើយយើងនឹងរៀបចំបញ្ជូន សេចក្ដីព្រាងច្បាប់របស់យើងជូនទៅស្នើសុំការអនុវត្តតាមនីតិវិធីឱ្យលឿនបំផុត តាមដែលអាចធ្វើទៅបាន។ហើយដូចធ្លាប់បានបញ្ជាក់ពីមុនកន្លងមកហើយថាជាជំហររបស់ក្រសួងព័ត៌មាន ក៏ដូចជាការប្ដេជ្ញាចិត្តរបស់ក្រសួង និងរដ្ឋាភិបាល ចង់ឃើញស្តីពីច្បាប់សិទ្ធិទទួលព័ត៌មាននេះ ត្រូវបានអនុម័តនៅក្នុងឆ្នាំ ២០២០នេះ»។
ឯកឧត្តម មាស សុភ័ណ្ឌ បានបន្ដថា សេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន គឺជាឧបករណ៍គតិយុត្តិមួយដែល មានសារៈសំខាន់៖ ទី១ គឺជាការចូលរួមចំណែកលើកកម្ពស់នូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងការលើកកម្ពស់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការទទួលបានព័ត៌មានពីស្ថាប័នសាធារណៈ។ ទី២ គឺជាការចូលរួមចំណែកនៅក្នុងការលើកកម្ពស់និងអភិបាលកិច្ចល្អក្នុងការសម្រេចបាននូវគោលដៅផែនការយុទ្ធសាស្ត្រ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក៏ដូចជាកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងនូវការផ្ដល់សេវា សាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាពនិងគណនេយ្យភាពនិងទី៣ ច្បាប់នេះនឹងអាចផ្ដល់ជូន សាធារណជន ក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនរុងរឿងទៅថ្ងៃអនាគត៕​