ក្រសួងសង្គមកិច្ចបណ្តុះបណ្តាលជនបង្គោលសម្រាប់ចុះធ្វើអត្តសញ្ញាណកម្មជនមានពិការភាពតាមគំរូសង្គម

 វិទ្យុជាតិកម្ពុជា  គឹមហឿនស្ទឹងត្រែង ២១ ១០ ២០២០

ស្ទឹងត្រែង៖ ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបានបណ្តុះបណ្តាលមន្ត្រីជនបង្គោលចំនួនជាង៦០នាក់ ក្នុងនោះមន្ត្រីមកពីខេត្តចំនួន៣រួប មានខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តស្ទឹងត្រែង ដើម្បីបង្កើនសមត្ថភាពជំនាញក្នុងការចុះធ្វើ អត្តសញ្ញាណកម្មជនមានពិការភាពតាមគំរូសង្គម។ 

         ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្ត ស្តីពីការកំណត់អត្តសញ្ញាកម្មជនមានពិការភាពតាមគំរូសង្គម និងសិទ្ធិជា មូលដ្ឋាននៅសាលាខេត្តស្ទឹងត្រែងថ្ងៃទី២១ ខែតុលាឆ្នាំ២០២០ ឯកឧត្តមសួងម៉េងឡុងរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាមានប្រសាសន៍ថា៖ការធ្វើអត្តសញ្ញាណកម្មជនមានពិការភាពតាមគំរូសង្គមនេះ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនពិការភាព ក្នុងគ្រួសារក្រីក្រ គ្មានទីពឹង។  

           ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍បន្តថា៖ដើម្បីឱ្យឆ្លើយតបទៅនឹងកិច្ចការងារនេះ  មន្ត្រីជនបង្គោលទាំងអស់ ត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់ នឹងយកចំណេះដឹងទៅអនុវត្តន៍ឱ្យមានប្រសិទ្ធភាព  តាមការចង់បានរបស់ក្រសួង សង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាដែលត្រូវឱ្យសម្រង់ជនពិការ នូវផ្នែកពិការ -ពិបាកស្តាប់ -ពិបាកមើល និងពិបាកនិយាយ។ 

លោកដួងពៅអភិបាលរងខេត្តស្ទឹងត្រែងមានប្រសាសន៍ទទួលស្គាល់ថា៖បងប្អូនជនពិការប្រភេទនេះ ពិតជាងាយរងគ្រោះបំផុត ព្រោះពួកគាត់មើលមិនឃើញ ស្តាប់មិនលឺ និយាយមិនកើត។

លោកបន្តថា៖ដូចនេះជនបង្គោលទាំងជាង៦០នាក់ត្រូវយកចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះទៅបង្ហាត់ បង្រៀនបន្តដល់អ្នកពាក់ព័ន្ធឱ្យមានប្រសិទ្ធភាព។ 

លោក ជ.មានអាន អនុប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តក្រចេះបានសន្យាថា៖នឹងយកចំណេះដឹងទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅបង្ហាត់បង្រៀនដល់មេឃុំចៅសង្កាត់បន្ថែម។ 

លោកបន្តទៀតថា៖ចំណេះដឹងនេះអាជ្ញាធរឃុំសង្កាត់នឹងយកទៅអនុវត្តន៍ជាក់ស្តែងនៅតាមមូលដ្ឋាន ដើម្បីសម្រង់កំណត់អត្តសញ្ញាណកម្មពិការភាព   ដូចជា ការធ្វើសម្ភាសន៍និងបញ្ជូនទិន្នន័យទៅក្នុងប្រព័ន្ធ  ឱ្យបានត្រឹមត្រូវជាផ្លូវការ។ 

សូមបញ្ជាក់ថា៖វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្តស្តីពីការកំណត់អត្តសញ្ញាកម្ម (ពិការភាពតាមគំរូសង្គម) និងសិទ្ធិជាមូលដ្ឋាននេះ មានរយពេល២ថ្ងៃ ដើម្បីបំប៉នចំណេះដឹងដល់មន្ត្រី មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទានិងអ្នកពាក់ព័ន្ធសរុបចំនួនជាង៦០នាក់មកពីខេត្ត ត្បូងឃ្មុំ -ក្រចេះ-និងខេត្តស្ទឹងត្រែង៕