ទោះបីជំនន់ទឹកភ្លៀងបញ្ចប់ទៅក៏ដោយតែការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រនៅតែបន្ត

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ទុយ សូលីដា 

MC៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ទោះបីជំនន់ទឹកភ្លៀងបានបញ្ចប់ទៅក៏ដោយ តែការឧបត្ថម្ភសាច់ប្រាក់ដល់ គ្រួសារក្រីក្រ ក្នុងកម្រិតក្រមួយ និងក្រពីរនៅដដែល ទៅតាមចំនួនទឹកប្រាក់របស់សប្បុរសជន ដើម្បីជួយស្តារជីវភាពរបស់ បងប្អូនឱ្យល្អឡើងវិញ។ 

នៅក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារ ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា នៅរដូវទឹកជំនន់នេះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារ ជំនន់ទឹកភ្លៀង មិនថាអ្នកមានជីវភាពធូរធារ និងអ្នកក្រ គឺទទួលបានអំណោយសប្បុរសធម៌គ្រប់ៗគ្នា ដើម្បីជួយសម្រាល ការលំបាកក្នុងជីវភាព ។ សម្តេចបញ្ជាក់ថា នៅទឹកជំនន់ស្រកទៅវិញ អាជ្ញាធរមូលដ្ឋានត្រូវចុះស្រង់ស្ថិតិពីកម្រិតជីវភាព ប្រជាពលរដ្ឋ ដែលនៅក្នុងនោះក្រកម្រិត១(ក្រខ្លាំង) និង ក្រកម្រិត២ (ក្រមធ្យម) ឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការ ផ្តល់ប្រាក់ឧបត្ថម្ភ ពីសប្បុរសជនក៏ដូចជារាជរដ្ឋាភិបាលបន្តទៀត   

សម្តេច​បញ្ជាក់ថា​ ហើយក៏ត្រូវវាយតម្លៃបន្ថែម ក្នុងចំណោមអ្នកដែលលិចលង់មានអ្នកដែលធូរធារ និងមានអ្នកដែលក្រីក្រ ឥឡូវទាំងអ្នកធូរធារទាំងអ្នកក្រីក្រ គឺមកទទួលទាំងអស់គ្នា ឱ្យតែលិចគឺមកទាំងអស់គ្នា ប៉ុន្តែដល់ពេលទឹកស្រកទៅវិញ គឺនឹងត្រូវធ្វើការវាយតម្លៃឡើងវិញ ព្រោះយើងកំពុងមានវិធានការវាយតម្លៃ ផ្ដល់សាច់ប្រាក់ដល់អ្នកក្រ ហើយអ្នកក្រ១និងក្រ២ អ៊ីចឹងបើសិនជាមានក្នុងចំណោមអ្នកក្រមួយក្រពីរនេះ គឺការបន្តជំនួយក្នុងរយៈពេលមួយតទៅទៀត ទៅតាមចំនួនទឹកប្រាក់ របស់សប្បុរសជន យើងត្រូវផ្ដល់សម្រាប់ឱ្យប្រជាពលរដ្ឋរបស់យើង ដើម្បីឱ្យគាត់មានលទ្ធភាពស្ដារជីវភាពឡើងវិញ »។

យោងតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា គ្រួសារក្រីក្រ និងគ្រួសារ ងាយរងគ្រោះ ត្រូវទទួលបានលក្ខខណ្ឌសាច់ប្រាក់ឧបត្ថម្ភ ដូចជាក្រកម្រិត១(ក្រខ្លាំង)  និង ក្រកម្រិត២ (ក្រមធ្យម)  ត្រូវបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះរបស់ខ្លួន ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ ក្នុងកំឡុងពេលប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩នៅសាលាឃុំ ឬសង្កាត់ ចំនួនទឹកប្រាក់ដែលត្រូវផ្តល់ជូនក្នុងមួយខែ មានពី១ម៉ឺន៦ពាន់រៀល ទៅ១២ម៉ឺនរៀល៕