សម្តេចតេជោ នឹងវិលត្រឡប់ទៅខេត្តបន្ទាយមានជ័យ នៅចុងសប្តាហ៍នេះម្តងទៀត

 

វិទ្យុជាតិកម្ពុជា៖ស្រីផល 

MC៖ សម្តេចតេជោ នឹងវិលត្រឡប់ទៅកាន់ខេត្តបន្ទាយមានជ័យនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះម្តងទៀត ដើម្បីបន្តផ្តល់អំណោយ ដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានទទួល ។ 

ថ្លែងក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ១ម៉ឺនគ្រួសារ ដែលរងគ្រោះ ដោយសារ ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបញ្ជាក់ថា នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះសម្តេចនឹងវិលត្រឡប់ទៅកាន់       ខេត្តបន្ទាយមានជ័យម្តងទៀត ខណៈដែលសម្តេចត្រូវមានភារកិច្ចចាំបាច់ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី២៣ខែតុលានេះ។ ការវិលត្រឡប់មកម្តងទៀតរបស់សម្តេចតេជោ គឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់ប្រមុខ ថ្នាក់ដឹកនាំ មកលើប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ព្រោះប្រជាពលរដ្ឋមួយចំនួន នៅមិនទាន់ ទទួលបានអំណោយនៅឡើយ។

សម្តេច​បញ្ជាក់ថា​ «ខ្ញុំបានប្រាប់អភិបាលខេត្ត ជាមួយនិងឯកឧត្តម គន់ គីម ថាស្អែកនេះខ្ញុំត្រឡប់ទៅវិញ ដើម្បីដឹកនាំប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ហើយថ្ងៃសៅរ៍ខ្ញុំនឹងវិលត្រឡប់មកវិញ ព្រោះថាប្រជាពលរដ្ឋមកដល់ពេលនេះ មិនមែន២ម៉ឺនគ្រួសារទេដែល រងគ្រោះនៅក្នុងខេត្តបន្ទាយមានជ័យ ឡើងដល់៣ម៉ឺន។ អ៊ីចឹងខ្ញុំត្រូវឱ្យរៀបចំ១ម៉ឺន៥ពាន់គ្រួសារទៀត ខ្ញុំនឹងហោះឧទ្ធម្ភាគចក្រ នៅព្រឹកថ្ងៃសៅរ៍ អ៊ីចឹងទេកងអង្គរក្ស និងអ្នកដែលជាក្រុមការងារទាំងឡាយ រង់ចាំសម្រាកចាំខ្ញុំនៅទីនេះ ខ្ញុំគ្រាន់តែទៅប្រជុំ នៅថ្ងៃស្អែកចេញទៅ ខានស្អែកប្រជុំ នឹងថ្ងៃសៅរ៍ ខ្ញុំត្រឡប់មកវិញតាមឧទ្ធម្ភាគចក្រ យើងអាចជួបជុំគ្នាបន្ត មួយកន្លែង អាចថាពីរកន្លែងនៃការជួបជុំ ដើម្បីចែកអំណោយជូនប្រជាពលរដ្ឋរបស់យើង ឲ្យបានគ្រប់ៗគ្នា។ អ៊ីចឹងខេត្តត្រូវយកចិត្តទុកដាក់ ទៅលើការស្រាវជ្រាវតើនរណាខ្លះ ដែលមិនទាន់បានទទួលជំនួយ ចំណុចនេះគឺជាចំណុចដែលខ្ញុំគិត ព្រោះខេត្ត បន្ទាយមានជ័យ គឺជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ ក្នុងចំណោមបណ្ដាខេត្តដែលមានទឹកជំនន់»៕