ឯកឧត្ដម ឃួង ស្រេង ទទួលអំណោយជាអង្ករចំនួន៥០តោន ពីសប្បុរសជន ដើម្បីបន្តចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទទួលអំណោយ អង្ករចំនួន៥០តោន ពីក្រុមហ៊ុន UK ដើម្បីចែកជូនបន្ដឱ្យបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុង រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅរដ្ឋបាលរាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន UK ដែលបានចូលរួមឧបត្ថម្ភជាអង្ករចំនួន៥០តោន ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ប្រើសម្រាប់ចែកបន្ដជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ពិសេសប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ដែលកំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។

ឯកឧត្ដម ឃួង ស្រេង ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន UK ដែលជាសប្បុរសជន បានចូលរួមឧបត្ថម្ភសម្រាប់ជួយសង្រ្គោះដល់បងប្អូនប្រជាពលរដ្ឋរង គ្រោះដោយទឹកជំនន់។

ឯកឧត្ដម ក៏បានសន្យានឹងនាំយកអំណោយទាំងនោះទៅជួយ ដល់ដៃប្រជាពលរដ្ឋរងគ្រោះ ហើយបើនៅសេសសល់ នឹងបន្តយកទៅជួយជនក្រីក្រនៅតាម មូលដ្ឋានដោយមិនធ្វើឱ្យម្ចាស់អំណោយខកចិត្តឡើយ។

លោកនាយកប្រតិបត្តិក្រុមហ៊ុន UK បានមានប្រសាសន៍ថា អំណោយ ទាំងនេះទោះបីតិចក្តី ច្រើនក្តី លោកនិងក្រុមគ្រួសារ នឹងខិតខំប្រឹងប្រែងចូលរួម ចំណែក ជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរង គ្រោះដោយគ្រោះធម្មជាតិ និងជួបបញ្ហានានាក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា គ្រោះទឹកជំនន់ដែលបង្កឡើងដោយសារទឹកភ្លៀងដ៏ច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានបណ្តាលឱ្យមនុស្ស៣១នាក់ ហើយបានស្លាប់បាត់បង់ជីវិត និងប៉ះពាល់ ប្រជាពលរដ្ឋប្រមាណជាង៣១ ម៉ឺននាក់ រួមទាំងកសិផល និងទ្រព្យសម្បត្តិជាច្រើនទៀត ៕ដោយ សួស សំរិត