អភិបាលខេត្តកំពង់ចាម បានណែនាំដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ត្រៀមជាស្រេច ដើម្បីអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយកើតឡើង

AKP កំពង់ចាម ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ចាម បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវតាមដាន ស្ថានភាពអាកាសធាតុ និងផលប៉ះពាល់នានា ដោយគ្រោះធម្មជាតិនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខា ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើការត្រៀមគ្រប់កម្លាំង មធ្យោបាយ ស្បៀង សម្ភារ និងថវិកា ជាស្រេច ដើម្បីម្ចាស់ការអន្តរាគមន៍ផ្តល់ជំនួយសង្រ្គោះបន្ទាន់បានទាន់ពេលវេលា ដល់ប្រជាពលរដ្ឋ រងគ្រោះនៅពេលមានគ្រោះមហន្តរាយកើតឡើងភ្លាមៗ ពិសេសជំនន់ទឹកភ្លៀង ជំនន់ទន្លេមេគង្គ ដែលកំពុងមានការហក់ឡើង នោះ។

នេះជាការលើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិកការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលសកម្មភាពការងាររយៈពេល ៩ខែ ដើមឆ្នាំ និងលើកទិសដៅការងារបន្ត ៣ខែ ចុង ឆ្នាំ២០២០ របស់សាខាកាកបាទក្រហមខេត្តកំពង់ចាម នៅព្រឹកថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅស្នាក់ការសាខា កាកបាទក្រហមកម្ពុជាខេត្ត។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ចាប់តាំងពីពាក់កណ្តាល ខែតុលាមកភ្លៀងបានធ្លាក់ជោគជាំដែលនៅតំបន់មួយចំនួនមានទឹកច្រើន និងរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ពិសេសជំនន់ទន្លេមេគង្គ ដែលកំពុងមានការហក់ឡើងនោះ។ ដើម្បីត្រៀមការឆ្លើយតប និងជួយដល់ប្រជាពលរដ្ឋអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវតាមដានស្ថានភាពអាកាសធាតុ និងផលប៉ះពាល់នានា ដោយគ្រោះធម្មជាតិនៅ ក្នុងមូលដ្ឋានរបស់ខ្លួនពិសេសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខា ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើការត្រៀមគ្រប់កម្លាំង មធ្យោបាយ ស្បៀង សម្ភារ និងថវិកា ជាស្រេចដើម្បីម្ចាស់ការអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះបន្ទាន់បានទាន់ពេល។

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាខេត្ត បានសម្តែងការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីប្រតិបត្តិ ដែលបានខិតខំ បំពេញភារកិច្ចយ៉ាងសកម្ម ធ្វើជាសេនាធិការឱ្យគណៈកម្មាធិការសាខា ក្នុងការដឹកនាំ ជំរុញធ្វើឱ្យវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ៩ខែដើមឆ្នាំ នេះ សម្រេចបានលទ្ធផល គួរជាទីមោទនភាព។ យើងត្រូវបន្តចុះតាមដានព័ត៌មាននៅ តាមមូលដ្ឋាន និងបន្តការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរផ្លូវគោក និងការអប់រំសុខភាព ពាក់ព័ន្ធទៅនឹងការកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ នៅតាមមូលដ្ឋានដោយឱ្យពួក គាត់អនុវត្តន៍ជាប្រចាំនូវវិធានការអនាម័យ និងវិធានការនានា តាមការណែនាំ របស់ក្រសួងសុខាភិបាល៕ ដោយ ឆាយ ម៉ុត