ប្រតិភូជាន់ខ្ពស់ UAE ធ្វើដំណើរទស្សនកិច្ចផ្លូវការលើកទី ១ ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការ

AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០​ — ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីស្រាអែលបានរាយការណ៍ថា គណៈប្រតិភូជាន់ខ្ពស់អារ៉ាប់រួមបានចាកចេញកាលពីព្រឹកថ្ងៃអង្គារទៅកាន់ទីក្រុង Tel Aviv ដើម្បីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេស អ៊ីស្រាអែល ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក ស្តីពីការធ្វើឱ្យមានប្រក្រតីនូវចំណងទាក់ទង កាលពីពាក់កណ្តាលខែកញ្ញា។

សាជីវកម្មផ្សព្វផ្សាយសាធារណៈអ៊ីស្រាអែលបានរាយការណ៍ថា គណៈប្រតិភូនេះដឹកនាំដោយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអារ៉ាប់រួម លោក Obaid Humaid Al Tayer និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអារ៉ាប់រួម លោក Abdulla bin Touq Al Mari ។

តំណាងជាន់ខ្ពស់នៃអារ៉ាប់រួមនឹងជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក​ Benjamin Netanyahu រដ្ឋមន្ត្រីការបរទេស លោក Gabi Ashkenazi រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Katz និងរដ្ឋមន្រ្តីសេដ្ឋកិច្ច លោក Amir Peretz ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅអាកាសយានដ្ឋានអន្តរជាតិ Ben Gurion ដោយមានការចូលរួមពី      មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក។

លោក Ofir Gendelman អ្នកនាំពាក្យនាយករដ្ឋមន្រ្តី Benjamin Netanyahu បានសរសេរនៅលើ បណ្តាញសង្គម Twitter ថា «នាយករដ្ឋមន្រ្តី លោក Netanyahu នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលត្រីភាគីជាមួយនឹងការចូលរួមដោយរដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Steven Mnuchin និងលោក Obaid Humaid Al Tayer រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្រទេសអារ៉ាប់រួម»។

លោក Gendelman បាននិយាយបន្ថែមថា ភាគីទាំងពីរគ្រោងនឹងបញ្ចប់នូវកិច្ចព្រមព្រៀងនានាក្នុង វិស័យអាកាសចរណ៍ កិច្ចការពារការវិនិយោគ ការលើកលែងទិដ្ឋាការ និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)