សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ (គោលដៅទីមួយ ចំនួន៥០០០គ្រួសារ)

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ(ទីតាំងទីមួយ ៥ពាន់គ្រួសារ និងគោលដៅទីពីរ៥ពាន់គ្រួសារ) នៅខេត្តបន្ទាយមានជ័យ ខណៈដែលថ្ងៃទី២២ ខែតុលា នឹងបន្តចែកអំណោយដល់ប្រជាពលរដ្ឋ១ម៉ឺនគ្រួសារទៀត។

ពិធីចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវធ្វើឡើងពីរគោលដៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ គឺគោលដៅទី១ ស្ថិតនៅបរិវេណចំណុចទីទួលសុវត្ថិភាព (ផ្លូវជាតិលេខ៥-ផ្លូវវៀង) ភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។

សម្តេចតេជោ ហ៊ុន សែន បង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យនាពេលនេះ។

សម្តេចតេជោ ក៏បានពាំនាំនូវព្រះរាជសារផ្តាំសាកសួរសុខទុក្ខពីព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោតទឹកជំនន់នេះ។

ជាមួយគ្នានោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមចូលរួមនូវមរណទុក្ខចំពោះគ្រួសារដែលបានបាត់បង់ជីវិតក្នុងពេលមានគ្រោះទឹកជំនន់នេះផងដែរ។ សម្តេចតេជោបន្តថា

សូមបញ្ជាក់ផងដែរថា ខេត្តបន្ទាយមានជ័យ ជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេ ដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផង និងស្តារឡើងវិញក្រោយទឹកជំនន់ផង។

សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណចំពោះបណ្តាសប្បុរសជន ដែលជួយផ្តល់ជាថវិកាក្តីជាសម្ភារៈស្បៀងអាហារក្តី តាមរយះរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការចុះចែកផ្ទាល់ដល់ប្រជាពលរដ្ឋដែលរងគ្រោះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី​ក៏បានកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋនៅតំបន់
រងគ្រោះដែលនេះ ដែលបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង។ សម្តេចតេជោបានមានប្រសាសន៍ថា អ្វីដែលសំខាន់គឺការជម្លៀសប្រជាជនចេញពីកន្លែងរងគ្រោះអោយបានដើម្បីជៀសវាងការគ្រោះថ្នាក់ដល់អាយុជីវិត។

សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានបញ្ជាក់ថាពេលនេះ រថយន្ត ចំនួន២៩០គ្រឿង ដែលពេលទិញត្រូវបានគេវាយប្រហារនោះ តែពេលនេះកំពុងតែបម្រើសកម្មភាពដ៏សំខាន់ក្នុងការអន្តរាគន៍ជួយដល់បងប្អូនប្រជាលរដ្ឋដែលរងគ្រោះទឹកជំនន់នេះ ដែលវាមិនដូចអ្វីដែលគេបានលើកឡើងថា ទិញដើម្បីធ្វើសង្គ្រាម ឬដើម្បីសម្លាប់ប្រជាជននោះទេ។

សម្តេចតេជោ សូមអោយអាជ្ញាធរទាំងអស់ បង្កើនការយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ ជាពិសេសត្រូវបន្តដើរល្បាតមើលបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្រែងលោមានបងប្អូនប្រជាពលរដ្ឋនៅជាប់តាផ្ទះឬ នៅលើដើមឈើជាដើម ត្រូវពិនិត្យការពារសុវត្តិភាពការពារផ្ទះរបស់គាត់ ក្រែងមានចោរចូលលួចរបស់របរគាត់ជាដើម។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោក៏បានអំពាវនាវចំពោះម្ចាស់ធនាគារ ម្ចាស់មីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវយោគយល់ ចំពោះអ្នកដែលមានការលិចលង់ ដែលត្រូវជំពាក់លុយ ធនាគារ ឬមីក្រូហិរញ្ញវត្ថុ ត្រូវមានការ អធ្យាស្រ័យ ដូចជាការពន្យា ឬបន្ថយការប្រាក់ជាដើម ជាពិសេសកុំអោយមានការរឹបអូសទ្រព្យសម្បត្តិ ក្នុងអំឡុងពេលកូវីដ និងអំឡុងពេលទឹកជំនន់នេះ។

សម្តេចតេជោ ហ៊ុន សែន បានជំរុញអោយអាជ្ញាធរក៏ ដូចជាប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តចំពោះវិធានការសំខាន់ ០៣ក្នុងអំឡុងពេលនេះ ទី១)ចូលរួមទប់ស្កាត់ការចម្លងជម្ងឺកូវីដ១៩ ទី២)ជម្នះការលំការជាមួយគ្នាក្នុងការគ្រប់គ្រងទឹកជំនន់ និងទី៣)យើងត្រូវខិតស្តារអភិវឌ្ឍន៍ឡើងវិញក្រោយពេលទឹកជំនន់។

ចំពោះអំណោយដែលផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាំពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី១យួ, ទឹកស៊ីអ៊ីវ១យួ, ទឹកបរិសុទ្ធ១កេះធំ, ឃីត១ (មុង១ ភួយ១ ខ្នើយ១ កន្ទេល១) និងថវិកា ៥ម៉ឺនរៀល៕

ដោយ៖ កន ចំណាន