មន្រ្តីអាមេរិកជាច្រើនដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែក បន្ទាប់ពីជួបពិភាក្សាជាមួយប្រធានស៊ើបការណ៍សម្ងាត់លីបង់

AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០​ — សារព័ត៌មាន Politico បានរបាយការណ៍ថា ព័ត៌មានមន្ត្រីអាមេរិកលេចធ្លោមួយចំនួន រួមទាំងអនុរដ្ឋ មន្ត្រីការបរទេសទទួលបន្ទុកកិច្ចការនយោបាយ លោក David Hale បានចាប់ផ្តើមរយៈពេលនៃការដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែក បន្ទាប់ពីពួកគេបានជួបជាមួយប្រធានស៊ើបការណ៍សម្ងាត់លីបង់ លោកឧត្តមសេនីយ៍ Abbas Ibrahim ដែលបានធ្វើតេស្តវិជ្ជមានជាបន្តបន្ទាប់សម្រាប់ជំងឺកូវីដ-១៩។

យោងតាមសារព័ត៌មាននេះបានឱ្យដឹងថា លោក Hale និងនិយោជិតមួយចំនួនទៀតមកពីក្រសួងការបរទេសបានធ្វើចត្តាឡីស័ក បន្ទាប់ពីមានជំនួបកាលពីពេលថ្មីៗនេះជាមួយឧត្តមសេនីយ៍ Ibrahim នៅទីក្រុងវ៉ាស៊ីនតោន។

លោក Gina Haspel នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល និងលោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិ ក៏បានចូលរួមនៅក្នុងកិច្ចប្រជុំនោះដែរ ប៉ុន្តែទោះបីជាយ៉ាងណា សារព័ត៌មាននេះនិយាយថា គេមិនទាន់ដឹងច្បាស់ថា តើទីប្រឹក្សារូបនេះបានដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកឬយ៉ាងណានោះទេ។ ពីមុន លោក O’Brien បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩។

អគ្គនាយកសន្តិសុខទូទៅរបស់ប្រទេសលីបង់ បានបែកធ្លាយព័ត៌មាននៃការធ្វើតេស្តវិជ្ជមានរបស់លោកឧត្តមសេនីយ៍ Ibrahim សម្រាប់ជំងឺកូវីដ-១៩ កាលពីល្ងាចថ្ងៃចន្ទ។ ការធ្វើតេស្តនេះត្រូវបានធ្វើឡើង     ខណៈដែលប្រធានភ្នាក់ងារស៊ើបការណ៍សម្ងាត់រូបនេះស្ថិតនៅក្នុងរដ្ឋធានីនៃសហរដ្ឋអាមេរិកនៅឡើយ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បាននិយាយថា កិច្ចប្រជុំដែលបានគ្រោងទុករបស់នាយឧត្តមសេនីយ៍ Ibrahim នៅរដ្ឋធានីប៉ារីស នៃប្រទេសបារាំងនឹងត្រូវលុបចោល ហើយការវិលត្រឡប់របស់លោកទៅកាន់ទីក្រុងបេរូតវិញត្រូវបានពន្យារពេលបន្ទាប់ពីការធ្វើតេស្តវិជ្ជមាន។

ប្រមុខស៊ើបការណ៍លីបង់បានប្រាប់សារព័ត៌មានជាតិថា កិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោនដែល  ផ្តោតសំខាន់ទៅលើតួនាទីរបស់លីបង់ក្នុងកិច្ចប្រឹងប្រែងដើម្បីរំដោះចំណាប់ខ្មាំងអាមេរិកនៅអ៊ីរ៉ង់ និងស៊ីរី មានភាពវិជ្ជមាន៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)