អាស៊ានដាក់ចេញគោលការណ៍ណែនាំស្តីពីកិច្ចគាំពារសង្គមឆ្លើយតបទៅនឹងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០​ — លេខាធិការដ្ឋានអាស៊ានបានកោះប្រជុំតុមូលកម្រិតខ្ពស់ ដើម្បីពិភាក្សាអំពីការពន្លឿនសកម្មភាពក្នុងការដោះស្រាយបញ្ហាជំងឺរាតត្បាតកូវីដ-១៩ ។

ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៃគោលការណ៍ណែនាំអាស៊ាន ស្តីពីកិច្ចគាំពារសង្គមក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយ ដើម្បីបង្កើនភាពធន់ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងចំណោមវិស័យទាំងបីដែលរួមមានការគ្រប់គ្រងគ្រោះមហន្តរាយសុខភាព និងការអភិវឌ្ឍសុខុមាលភាពសង្គម ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ(UN) សហភាពអឺរ៉ុប (EU) ធនាគារអភិវឌ្ឍអាស៊ី (ADB) និងរដ្ឋាភិបាលកាណាដា។

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧-២០១៩ ឯកសារនេះបានផ្តល់នូវក្របខ័ណ្ឌគោលការណ៍ណែនាំ និងការពិចារណាសំខាន់ៗដែលមានសារៈសំខាន់សម្រាប់កម្មវិធីគាំពារសង្គមដើម្បីទទួលបាននូវលទ្ធផលធន់។

នៅក្នុងសុន្ទរកថាបើកព្រឹត្តិការណ៍នេះ អគ្គលេខាធិការរងអាស៊ានសម្រាប់សហគមន៍វប្បធម៌ – សង្គមអាស៊ាន លោក Kung Phoak បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍនិងការអនុវត្តគោលការណ៍ណែនាំនេះនឹង          ពន្លឿនសកម្មភាពជាប់ទាក់ទងគ្នានៅលើវិស័យនានា។

លោក Hernando Caraig ឧបការីរដ្ឋមន្រ្តីក្រសួងការពារស៊ីវិលនៃប្រទេសហ្វីលីពីន ដែលប្រទេសនេះទទួលបន្ទុកជាប្រធានគណៈកម្មាធិការអាស៊ានសម្រាប់គ្រប់គ្រងគ្រោះមហន្តរាយ (ACDM) បាននិយាយថា គោលការណ៍ណែនាំនេះនឹងអនុញ្ញាតឱ្យប្រព័ន្ធគាំពារសង្គមមានការសម្របខ្លួនកាន់តែល្អប្រសើរបន្ថែមទៀតដើម្បីប្រមើលមើល នឹងឆ្លើយតបទៅនិងតម្រូវការរបស់ក្រុមងាយរងគ្រោះ និងកាត់បន្ថយផលប៉ះពាល់នៃវិបត្តិដែលអាចកើតមាន។

សម្រាប់ភាគីសហភាពអឺរ៉ុប លោក Lukas Gajdo អនុប្រធានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅ អាស៊ានបានថ្លែងកោតសរសើរចំពោះបណ្តាប្រទេសជាសមាជិកអាស៊ាន ចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការកសាងយន្តការការពារសង្គមដ៏សំខាន់ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺរាតត្បាត         កូវីដ-១៩៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)