នាយករដ្ឋមន្ត្រីជប៉ុនចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០​ — កាលពីថ្ងៃទី២០ ខែតុលា នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្កា យ៉ូស៊ីហ៊ីដេ បានទៅដល់ប្រទេសឥណ្ឌូណេស៊ីហើយ ដែលនេះជាជើងទី២ នៃដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅក្រៅប្រទេសក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុន។

លោក ស៊ូហ្កា គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងបន្តរីករាលដាល។

ពួកគេក៏អាចពិភាក្សាគ្នាអំពីការបើកឡើងវិញនូវការធ្វើដំណើររវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមទាំងកំពង់ផែសមុទ្រ និងផ្លូវដែកផងដែរ។

នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក​ Terawan Agus Putember និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅឥណ្ឌូណេស៊ី លោក Ishii Masafumi បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យថែទាំសុខភាព រួមមានផ្នែកឱសថ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រ ការអភិវឌ្ឍធនធានមនុស្ស សេវាកម្មវេជ្ជសាស្រ្ត ព័ត៌មានវិទ្យាវេជ្ជសាស្រ្ត ការថែទាំមនុស្សចាស់ ការបង្ការជំងឺ និងសុខភាពបរិស្ថាន។

មុនពេលទៅដល់ប្រទេសឥណ្ឌូណេស៊ី លោកនាយករដ្ឋមន្រ្តី ស៊ូហ្កា បានធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម។ ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់លោកទៅកាន់បណ្តាប្រទេសមួយចំនួននៅអាស៊ី អាគ្នេយ៍ ធ្វើឡើងខណៈដែលនាយករដ្ឋមន្ត្រីជប៉ុនរូបនេះកំពុងធ្វើការដើម្បីលើកកម្ពស់ចក្ខុវិស័យសេរីភាព និងការបើកទូលាយនៃតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិករបស់ជប៉ុន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)