សិង្ហបុរី និងអូស្ត្រាលី បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ

AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០​ — កាលពីថ្ងៃទី២០ ខែតុលា ក្នុងអំឡុងនៃកិច្ចប្រជុំមួយនៅក្នុងប្រទេសសិង្ហបុរី រដ្ឋមន្រ្តីក្រសួងការពារជាតិសិង្ហបុរី លោក Ng Eng Hen និងសមភាគីអូស្ត្រាលី លោកស្រី Linda Reynolds បានអះអាងសារជាថ្មីម្តងទៀតនូវចំណងមិត្តភាពក្នុងវិស័យការពារជាតិយូរអង្វែង និងជិតស្និទ្ធនៅក្នុងភាពជាដៃគូយុទ្ធសាស្រ្តទូលំទូលាយរវាងប្រទេសសិង្ហបុរី និងអូស្ត្រាលី ។

ពួកគេបានស្វាគមន៍ចំពោះការរីកចម្រើនឥតឈប់ឈរ ដែលបានកើតឡើងនៅក្នុងការអភិវឌ្ឍរួមគ្នានៃការបណ្តុះបណ្តាល និងបណ្តុះបណ្តាលកម្រិតខ្ពស់នៅក្នុងរដ្ឋ Queenland នៃប្រទេសអូស្ត្រាលី។

យោងតាមក្រសួងការពារជាតិសិង្ហបុរីបានឱ្យដឹងថា ភាគីទាំងពីរក៏បានបញ្ជាក់សារជាថ្មីម្តងទៀតនូវតម្លៃនៃវេទិកាសន្តិសុខសំខាន់ៗ ដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន – បូក ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ហើយបានឯកភាពបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំតាមរយៈវេទិកាទាំងនេះ។

ពួកគេបានពិភាក្សាគ្នាអំពីកិច្ចអភិវឌ្ឍន៍សន្តិសុខក្នុងតំបន់ និងអន្តរជាតិ រួមទាំងសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មក្នុងតំបន់ផង។

ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃទៅកាន់ប្រទេសសិង្ហបុរីរបស់រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោកស្រី  Linda Reynolds គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការឈានទៅដល់ការរំលឹកខួបលើកទី៣០ នៃការហ្វឹកហាត់របស់កងកម្លាំងប្រដាប់អាវុធសិង្ហបុរីនៅតំបន់បណ្តុះបណ្តាលឆ្នេរសមុទ្រ Shoalwater ក្នុងរដ្ឋ Queensland នៃប្រទេសអូស្ត្រាលី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)