ឥណ្ឌូណេស៊ីច្រានចោលសំណើរបស់សហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យយន្តហោះចារកម្ម P-8 ចុះចតនិងចាក់ប្រេងឥន្ធនៈ

AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០​ — កាលពីថ្ងៃអង្គារ មន្រ្តីថ្នាក់ខ្ពស់៤រូបរបស់ឥណ្ឌូណេស៊ីបានបដិសេធមិនអនុញ្ញាតឱ្យយន្តហោះស៊ើបការណ៍តាមសមុទ្រ P-8 Poseidon ចុះចត និងចាក់ប្រេងឥន្ធនៈបន្ថែមនៅក្នុងប្រទេសនេះទេ បើទោះបីជាមានការស្នើសុំជាច្រើនដងពីទីក្រុងវ៉ាស៊ីនតោនក៏ដោយ។

សំណើនេះត្រូវបានធ្វើឡើងដោយសហរដ្ឋអាមេរិកទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូណេស៊ីកាលពីក្នុងខែកក្កដា និងខែសីហា មុនពេលស្នើផ្ទាល់ទៅដល់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ដែលលោកបានច្រានចោលនូវសំណើនេះ។

បណ្តាមន្រ្តីឥណ្ឌូណេស៊ីបាននិយាយថា ទីក្រុងហ្សាការតាបានសម្រេចរក្សាភាពស្មោះត្រង់ចំពោះគោលនយោបាយការបរទេសអព្យាក្រឹតរបស់ខ្លួន ចំពេលដែលកំពុងមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ទៅលើឥទ្ធិពលនៅក្នុងតំបន់។

កាលពីក្នុងខែកញ្ញា រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក Retno Marsudi បាននិយាយថា ទីក្រុងហ្សាការតាមិនចង់ «ជាប់ពាក់ព័ន្ធនៅក្នុងគូប្រជែងនេះទេ»។

យន្តហោះស៊ើបការណ៍តាមសមុទ្រ P-8 Poseidon ដែលផលិតដោយសហរដ្ឋអាមេរិកមានសារៈសំខាន់ណាស់ក្នុងការឃ្លាំមើលសកម្មភាពយោធារបស់ចិននៅសមុទ្រចិនខាងត្បូង ចំពេលដែលកំពុងមានភាពតានតឹងរវាងទីក្រុងប៉េកាំង និងប្រទេសជិតខាងក្នុងតំបន់ជុំវិញការគ្រប់គ្រងដែនទឹកដែលសម្បូរធនធាននេះ។ ឥណ្ឌូណេស៊ីក៏បានចាត់ទុកផ្នែកខ្លះនៃសមុទ្រចិនខាងត្បូងថា ជារបស់ខ្លួនដែរ។ ទីក្រុងវ៉ាស៊ីនតោនចាត់ទុកសមុទ្រនេះថា ជាផ្លូវទឹកអន្តរជាតិ និងជាទម្លាប់ប្រឆាំងចិនជាមួយនិងជើងហោះហើរឃ្លាំមើល នឹងការល្បាតដោយនាវាចម្បាំងរបស់សហរដ្ឋអាមេរិក៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)