ប្រទេសវៀតណាមជំរុញឱ្យភាគីនានានៅអាហ្វ្រិកកណ្តាលគោរពកិច្ចព្រមព្រៀងសន្តិភាព

AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០​ — ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋអាហ្វ្រិកកណ្តាលក្នុងការធានាស្ថិរភាពជាតិ នឹងបង្កើតបរិយាកាសអំណោយផលដល់ការរៀបចំការបោះឆ្នោត ទោះបីជាមានការកើនឡើងនូវអំពើហិង្សា និងភាពតានតឹងក៏ដោយ។

នៅពេលថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយសង្ខេបអំពីស្ថានភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលកាលពីថ្ងៃទី១៩ ខែតុលា លោក Quy បានសង្កត់ធ្ងន់ថា ការវាយប្រហាររបស់ក្រុមប្រដាប់អាវុធ រួមទាំងការប្រឆាំងនឹងជនស៊ីវិលបានបង្កជាបញ្ហាប្រឈមធ្ងន់ធ្ងរ ជាពិសេសនៅក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំការបោះឆ្នោត។

លោកបាននិយាយថា ការអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាព គឺជាមាគ៌ាឆ្ពោះទៅមុខតែមួយគត់ ដោយលោកបានអំពាវនាវដល់បណ្តាប្រទេសហត្ថលេខី ឱ្យគោរពតាមការអំពាវនាវរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិដែលសុំឱ្យមានបទឈប់បាញ់ជាសកលមួយ ចំពេលដែលកំពុងមានការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក Quy បានបញ្ជាក់ថា «ការបន្តគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ គឺជាតម្រូវការពីសហគមន៍អន្តរជាតិដើម្បីជួយបំពេញចន្លោះខ្វះខាតសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ និងកាត់បន្ថយផលប៉ះពាល់មនុស្សធម៌នៃជំងឺកូវីដ-១៩»។

ដោយគូសបញ្ជាក់អំពីតួនាទីសំខាន់ដែលត្រូវបានដើរតួដោយភាគីពាក់ព័ន្ធក្នុងតំបន់ រួមមានសហភាពអាហ្រ្វិក និងសហគមន៍សេដ្ឋកិច្ចនៃអាហ្រ្វិកកណ្តាល (ECCAS)  លោកបានរំលឹកឡើងវិញនូវការគាំទ្ររបស់ប្រទេសវៀតណាមចំពោះបេសកកម្មស្ថិរភាពពហុភាគីចម្រុះរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA) នឹងបានអំពាវនាវឱ្យមានការគោរពពេញលេញចំពោះសុវត្ថិភាព និងសន្តិសុខរបស់អ្នកថែរក្សាសន្តិភាព។

MINUSCA ត្រូវបានបង្កើតឡើងដោយផ្អែកលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិលេខ ២១៤៩ ក្នុងឆ្នាំ២០១៤ ក្នុងគោលបំណងការពារជនស៊ីវិល គាំទ្រដល់ដំណើរការសន្តិភាព បង្កើតនឹងធ្វើកំណែទម្រង់ច្បាប់ និងដោះស្រាយបញ្ហាប្រឈមផ្នែកមនុស្សធម៌៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)