បណ្តាញកសិករខ្នាតតូច និងភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយផលប៉ះពាល់ ផលិតកម្មកសិកម្មក្រោយទឹកជំនន់

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២១ ១០ ២០២០ 

MC:  បណ្តាញកសិករខ្នាតតូច និងភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយផលប៉ះពាល់ ផលិតកម្មកសិកម្មក្រោយទឹកជំនន់ ខណៈវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ ដល់វិស័យនេះរួចទៅហើយ។ 

  បណ្តាញកសិករខ្នាតតូច និងភាគីពាក់ព័ន្ធរួមមាន៖ តំណាងស្ថាប័នរដ្ឋសភា រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសង្គមស៊ីវិល បានធ្វើការជួបជុំគ្នា ដើម្បីជជែកពិភាក្សាគ្នា ដែលអាចឈានទៅលើកកម្ពស់គុណភាព និងសុវត្ថិភាព កសិផលរបស់កសិករខ្នាតតូច ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ក៏ដូចជាជំរុញ ការអនុវត្តគោលនយោបាយដែលពាក់ព័ន្ធ ជាពិសេសយន្តការគាំទ្រកសិករខ្នាតតូច ឆ្លើយតបផលប៉ះពាល់នៃកូវីដ-១៩ និងពង្រឹងកិច្ចសហការនិងភាពជាដៃគូ   ដើម្បីគាំទ្រកសិករខ្នាតតូច លើការវិនិយោគវិស័យកសិកម្ម និងកសិធុរកិច្ចក្នុងស្ថានភាព និងក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងក្រោយទឹកជំនន់។

ថ្លែងក្នុងវេទិកាថ្នាក់ជាតិលើកទី៩ ស្តីពីកសិករខ្នាតតូចក្នុងបរិបទកូវីដ-១៩ ដែលធ្វើឡើង នៅក្នុងរាជធានីភ្នំពេញ ថ្ងៃទី២១ ខែតុលានេះ លោកស្រី យ៉ាន់ ស្រីយ៉ាត តំណាងកសិករស្ត្រីឆ្នើមលើកឡើងថា ក្រុមកសិករមួយចំនួនកំពុងខ្វះដើមទុន សម្រាប់យកទៅវិនិយោគលើផលិតកម្មដាំដុះ និងកែច្នៃ ដើម្បីឆ្លើយតបតាម តម្រូវការក្នុងស្រុក និងទីផ្សារនាំចេញ ស្របពេលដែលស្ថានភាពកូវីដ-១៩ និងទឹកជំនន់កំពុងយាយីដល់សង្វាក់ផលិតកម្មទាំងបរិមាណ ការផ្គត់ផ្គង់ គុណភាព និងការវេចខ្ចប់តាមស្តង់ដារសុវត្ថិភាពអនាម័យ។ 

បើតាមការបញ្ជាក់របស់លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ការនាំទំនិញកសិកម្មពីកម្ពុជាមួយចំនួនមានការធ្លាក់ចុះ បន្ទាប់ពីផលិតកម្មកែ្នច្នៃខ្វះដើមទុន ក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ-១៩។ លោកថា ក្នុងគ្រោះទឹកជំនន់នេះ នឹងធ្វើឱ្យផលិតកម្មដាំដុះនិងកែច្នៃផលិតផលប៉ះពាល់បន្ថែមទៀត ប្រសិនជាគ្មានការដោះស្រាយទាន់ពេលវេលា។ លោកបញ្ជាក់ថា «កសិករខ្នាតតូច ឬមានដីដាំដុះតិចតួច ត្រូវការទាំងដើមទុន ប្រភពទឹក និងសង្វាក់តម្លៃ ដើម្បីអនុវត្តន៍ ការដំាំដុំ និងកែច្នៃផលិតផលកសិកម្មរបស់ខ្លួនឱ្យស្របតាមតម្រូវការទីផ្សារ ពោលគឺ តាមតម្រូវការអ្នកបញ្ជាទិញ»។ 

ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានឱ្យដឹងថា ធនាគាររបស់ខ្លួនបានទម្លាក់ អត្រាការប្រាក់មកនៅត្រឹម០,៤២ភាគរយក្នុងមួយខែ ដើម្បីឱ្យកសិករមានលទ្ធភាពខ្ចី និងបង្វិលដើមទុន ដើម្បីស្រោចស្រង់ឡើងវិញនូវសង្វាក់ផលិតកសិកម្ម ដែលរងផល ប៉ះពាល់ដោយទឹកជំនន់ ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមពូជស្រូវ ដាំដុះក្នុងរយៈពេលខ្លីចំនួន១.៨០០តោន និងពូជបន្លែប្រមាណជា១៦តោន ដើម្បីចែកដល់ប្រជាពលរដ្ឋធ្វើការស្តារឡើងវិញនូវដំណាំស្រូវនិងបន្លែក្រោយទឹកជំនន់។

លោកបណ្ឌិត តឹក វណ្ណរ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា កត់សម្គាល់ថា ក្នុងកាល:ទេស:សេដ្ឋកិច្ចកម្ពុជារងនូវផលប៉ះពាល់ដោយសារជំងឺឆ្លង កូវីដ-១៩ និងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង គឺវិស័យឯកជន ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិលនិងក្រសួងពាក់ព័ន្ធបានសហការគ្នាល្អក្នុងការខិតខំប្រឹងប្រែងជំរុញ  និងលើកទឹកចិត្តដល់ប្រជាកសិករ  អ្នកផលិត  និងសហគមន៍កសិកម្មឱ្យបង្កើន ផលិតភាពផលិតកម្មកសិកម្មដូចជា បន្លែ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងដាំដំណាំ រួមទាំងការកែច្នៃ ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់ សំដៅធានាសន្តិសុខស្បៀង ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។

បច្ចុប្បន្ន នៅកម្ពុជាមានសហគមន៍កសិកម្មចំនួន១៦៥ បានអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យា ដែលក្នុងចំណោមនេះមានសហគមន៍ផលិតបន្លែចំនួន២៥៩សហគមន៍ សហគមន៍នេសាទចំនួន៥១៦សហគមន៍ និងសហគមន៍ព្រៃឈើចំនួន៦៣៦សហគមន៍៕