ប្រមុខរាជរដ្ឋាភិបាល ណែនាំអាជ្ញាធរពាក់ព័ន្ធ នៅ ពេលទឹកស្រក ត្រូវចុះវាយតម្លៃពីផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

MC៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំអាជ្ញាធរពាក់ព័ន្ធ នៅពេលទឹកស្រកទៅវិញ ត្រូវចុះវាយតម្លៃពីផលប៉ះពាល់ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀង ដើម្បីជួយគាំទ្រក្នុងការស្តារឱ្យប្រសើរឡើងវិញ នូវការបង្កបង្កើនផល ដើម្បីជួយលើកកម្ពស់ជីវភាពរបស់បងប្អូន។

បច្ចុប្បន្ននេះរាជធានី-ខេត្ត ចំនួន១៩ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង រួមមាន ខេត្តពោធិ៍សាត់ ,ប៉ៃលិន  ,ភ្នំពេញ ,បាត់ដំបង ,ស្វាយរៀង ,ឧត្តមមានជ័យ ,សៀមរាប ,តាកែវ ,កំពង់ស្ពឺ ,មណ្ឌលគិរី ,ព្រះសីហនុ ,កោះកុង ,ព្រះវិហារ ,ស្ទឹងត្រែង ,កំពង់ចាម ,កណ្ដាល ,កំពង់ឆ្នាំង កំពង់ធំ និងខេត្តបន្ទាយមានជ័យដែលកំពុងរង ផលប៉ះពាល់ច្រើនជាងគេ។

ថ្លែងក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវចុះត្រួតពិនិត្យ វាយតម្លៃផលប៉ះពាល់ការខូចខាតផលដំណាំ និងត្រៀមលក្ខណៈ បញ្ចេញពូជស្រូវ និងពូជដំណាំផ្សេងៗពីសន្និធិនៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា សម្រាប់កិច្ចអន្តរាគមន៍ស្តារការខូចខាតឡើងវិញតាមស្ថានភាពជាក់ស្តែង ដើម្បីធានាដល់ការផ្គត់ផ្គង់ស្បៀងជូនប្រជាកសិករឱ្យបានគ្រប់គ្រាន់។    

សម្តេច​បញ្ជាក់ថា​« បន្ទាប់ពីទឹកសម្រក ត្រូវខិតខំជួយដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់ទីកន្លែងវិញ បន្ទាប់មកត្រូវវាយតម្លៃជាបន្ទាន់ នូវការខូចខាតតើមានចំនួនប៉ុន្មាន ហើយត្រូវការពូជអ្វីខ្លះ  ពូជស្រូវប៉ុន្មាន ពូជបន្លែបង្ការប៉ុន្មាន ពូជដំណាំដ៏ទៃទៀតប៉ុន្មាន នេះគឺជាការវាយតម្លៃជា ជំហានតាមក្រោយជាបន្តបន្ទាប់ទៀត»។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទធ្លាប់បានឱ្យដឹងថា   បច្ចុប្បន្ននេះក្រសួងនៅសល់ពូជស្រូវប្រមាណជា១៨០០តោន និងពូជបន្លែប្រមាណ ជា១៦តោន ដើម្បីជួយគាំទ្រក្នុងការស្តារឱ្យប្រសើរឡើងវិញ នូវការបង្កបង្កើនផល ពេលទឹកចាប់ផ្តើមស្រកទៅវិញ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់បងប្អូនឱ្យកាន់ តែប្រសើរឡើង។

«យើងបានរៀបចំបណ្តាញដែលមានជំនាញតាមរយៈគម្រោងនានាត្រូវពិនិត្យមើលផងដែរ ថាតំបន់ណាដែលអាចបន្តធ្វើការដាំដុះស្រូវក្នុងរយៈពេលខ្លី ២ទៅ៣ខែ ពិសេស ឬតំបន់ នោះគួរប្រើពូជអ្វីបានខ្លះ ដើម្បីឱ្យប្រជាជនមានលទ្ធភាព អាចស្តារឡើងវិញ នូវជីវភាព របស់ពួកគាត់។ បច្ចុប្បន្ននេះគឺក្រសួងបាននៅសល់ពូជស្រូវ ប្រមាណជា១៨០០តោន ដោយក្នុងមួយឆ្នាំយើងបានត្រៀមពូជស្រូវ២ពាន់ ដោយយើងបានប្រើប្រាស់អស់ ជាង២០០តោនសម្រាប់គ្រោះរាំងស្ងួតកន្លងទៅនេះ។ ហើយពូជស្រូវដែលនៅសល់១៨០០តោននេះ យើងនឹងត្រៀមចែកចាយទៅតាម បណ្តាខេត្តគោលដៅនានា ដើម្បីជួយធ្វើការស្តារឱ្យប្រសើរឡើងវិញ  ដោយក្នុងនោះ ក៏យើងនៅសេសសល់ពូជបន្លែប្រមាណជា១៦តោនផងដែរ»។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសោកស្ដាយចំពោះ ប្រជាពលរដ្ឋដែលរងគ្រោះ និងចូលរួមរំលែកមរណទុក្ខ ចំពោះពលរដ្ឋដែល បាត់បង់ជីវិតដោយគ្រោះទឹកជំនន់ទូទាំងប្រទេសសរុបចំនួន៣៤នាក់ ដែលក្នុងនោះ ខេត្តបន្ទាយមានជ័យច្រើនជាងគេ