សម្តេចតេជោជំរុញឱ្យកម្លាំងចម្រុះបន្តល្បាតតាមស្វែងរកប្រជាពលរដ្ឋដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀងនិងជួយការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២១ ១០ ២០២០

MC៖សម្តេចតេជោជំរុញឱ្យកម្លាំងចម្រុះបន្តចុះល្បាតតាមស្វែងរកប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនិងជួយការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ។

ថ្លែងក្នុងពិធីអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានមានប្រសាសន៍ថា កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងទាហាន នគរបាល កងរាជអាវុធហត្ថ ប្រជាការពារ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តល្បាតតាមស្វែងរក ប្រជាពលរដ្ឋបន្តទៀត  ដើម្បីធ្វើយ៉ាងណាជួយជម្លៀសប្រជាពលរដ្ឋរងគ្រោះទំាងនោះ ឱ្យអស់ពីកន្លែងគ្រោះថ្នាក់មកកាន់ទីទួលសុវត្ថិភាព  ។ សម្តេចតេជោបានបន្តមាន ប្រសាសន៍ថា កងកម្លាំងមានសមត្ថកិច្ចទាំងអស់  ត្រូវបន្តយកចិត្ដទុកដាក់ចុះល្បាត ដើម្បីការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមផ្ទះដែលត្រូវជម្លៀសមកទីទួល សុវត្ថិភាព ហើយបន្ទាប់ពីទឹកជំនន់ស្រកវិញ ត្រូវដឹកជញ្ជូនសម្ភាររបស់ប្រជាពលរដ្ឋ ទៅទីកន្លែងរៀងៗខ្លួនវិញដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ។

សម្តេច​បញ្ជាក់ថា​« អ្វីដែលយើងធ្វើត្រូវខិតខំបន្តទៀត អំពាវនាវឱ្យកម្លាំងទាំងអស់តាមពិនិត្យមើល ត្រូវខិតខំល្បាត ម្ខាងគឺត្រូវស្វែងរកមនុស្សខ្លះគាត់ចេញអត់ទាន់អស់ នៅតោងលើចុងឈើ ឬនៅតាមផ្ទះត្រូវតាមមើលអាហ្នឹង ទី២ល្បាតដោយកម្លាំងរបស់យើង ដើម្បីការពារ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលមិនទាន់យកនៅនឹងផ្ទះ ព្រោះក្រែងលោចោរលួច ចោរប្លន់ ព្រោះអាចោរវាអត់ស្គាល់អីទេ តែវាត្រូវការលួចគឺលួចហើយវាចូលទៅលួចនេះ វាចូលទៅលួចនោះ ។ អ៊ីចឹងទេត្រូវបន្តលើកិច្ចការងារនេះ មុនពេលទឹកសម្រក មុនពេល ប្រជាពលរដ្ឋត្រឡប់ទៅវិញ ត្រូវខិតខំធ្វើការងារនេះប៉ុន្តែឥឡូវបញ្ហាសំខាន់គឺត្រូវតាមមើល តើជម្លៀសអស់ហើយឬនៅមកកាន់ទីទួលសុវត្ថិភាព ។ បន្ទាប់ពីទឹកសម្រកត្រូវខិតខំ ជួយដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមទីកន្លែង »៕​