ធនាគារអភិវឌ្ឍន៍ជនបទលើកទឹកចិត្តកសិកររងផលប៉ះពាល់ពីទឹកជំនន់ អាចមកទទួល សេវាឥណទានការប្រាក់ទាបត្រឹមតែ០,៤២ភាគរយក្នុង១ខែ

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 

MC ៖ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានលើកទឹកចិត្តកសិករដែលរងផលប៉ះពាល់ លើផលដំណាំដោយជំនន់ទឹកភ្លៀងអាចមកទទួលសេវាឥណទានក្នុងអត្រាការប្រាក់ត្រឹមតែ០,៤២ភាគរយក្នុង១ខែ ដើម្បីប៉ះប៉ូវការខាតបង់និងផ្គត់ផ្គង់ទីផ្សារទាន់ពេលវេលា ។

ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ ជនបទនិងកសិកម្ម បានមានប្រសាសន៍ថា កសិករដែលធ្វើការដាំដុះបន្លែ ផ្លែឈើ និងចិញ្ចឹមសត្វ  ក្រោយពេលទឹកសម្រកត្រូវមានផែនការច្បាស់លាស់ និងគោលដៅ ជាក់លាក់ ដើម្បីផ្គត់ផ្គង់ចូលទីផ្សារឱ្យមាននិរន្តរភាពនិងមានតម្លៃ ដោយចៀសវាង ការដាំដុះបន្លែតាមគ្នា ដែលជាមូលហេតុធ្វើឱ្យរាល់ពេលប្រមូលផលតែងតែធ្លាក់ថ្លៃចុះ ជាពិសេសត្រូវចេះកែប្រែទម្លាប់ក្នុងការដាំដុះ ត្រូវមានភាពបត់បែននិងចេះស្វែងយល់ពី ព័ត៌មានទីផ្សារកសិផលផង ។

ឯកឧត្តមបន្តថាធនាគារអភិវឌ្ឍន៍ជនបទនៅតែបន្តផ្សព្វផ្សាយពីគោលការណ៍ឥណទានដោយអត្រាការប្រាក់ទាប០,៤២ភាគរយក្នុងមួយខែ(៥ភាគរយក្នុង១ឆ្នាំ) ជូនដល់បងប្អូន សហគមន៍លើវិស័យកសិកម្ម៤ប្រភេទ ដូចជាការដាំដុះបន្លែផ្លែឈើ ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម និងសហគ្រាសធុនតូចនិងមធ្យមលើការកែច្នៃផលិតផលកសិកម្ម ដោយលើកទឹកចិត្តឱ្យកសិករដែលរងផលប៉ះពាល់លើផលដំណាំនិងចិញ្ចឹមសត្វ ដោយសារគ្រោះទឹកជំនន់ ទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មក្នុង ករណីមានតម្រូវការឥណទាន ។

ឯកឧត្តម​បញ្ជាក់​ថា​« នេះគឺជាមូលនិធិរបស់រាជរដ្ឋាភិបាលសម្ដេចតេជោ ដោយលោកទម្លាក់មក សម្រាប់ធ្វើការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យកសិកម្ម ។ ជាមួយគ្នានេះ ក៏ផ្ដល់ឱ្យទៅសហគមន៍ដាំដុះបន្លែផ្លែឈើនិងចិញ្ចឹមសត្វ សម្រាប់ជំនួសឱ្យការនាំចេញ ហើយមូលនិធិនេះយើងកំពុងតែប្រើប្រាស់ជិតអស់ហើយ ប្រហែលជាចុងឆ្នាំនេះ គឺអស់ហើយ អ៊ីចឹងសូមឱ្យបងប្អូនបង្កើនល្បឿនធ្វើការផលិត និងពង្រីកបន្ថែមទៀត តាមរយៈការមកខ្ចីលុយនេះបន្ថែមក្នុងអត្រាការប្រាក់មួយទាប ការប្រាក់នេះគឺ៥ភាគរយ ក្នុង១ឆ្នាំ មានន័យថាមកខ្ចី៥ពាន់ដុល្លារបង់ការប្រាក់តែ២១ដុល្លារទេក្នុង១ខែ »។

ឯកឧត្តមបានបន្តថា ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ត្រៀមខ្លួនជានិច្ចក្នុងការទម្លាក់ ឥណទានសម្រាប់ជួយដល់កសិករ ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់និងបំពេញបានតាម លក្ខខណ្ឌរបស់ធនាគារ ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលកម្មវិធីហិរញ្ញប្បទានពិសេស ៥០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីជួយដល់ប្រជាកសិករ ក្នុងការពង្រឹងនិងពង្រីកផលិតកម្មដាំដុះនិងកែច្នៃផលិតផលសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអាចនាំចេញ ក្នុងពេលកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩ និងជួបគ្រោះមហន្តរាយទឹកជំនន់នេះ ៕