ក្រុមបាល់ទាត់​ខេត្តព្រៃវែង និង​វិសាខា​ប្តេជ្ញា ចិត្ត​ដូចគ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​

AKP ភ្នំពេញ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០–
​គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា (CNCC) នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានរៀបចំ​សន្និសីទ​សារព័ត៌មាន និង​បង្ហាញ​ការហ្វឹកហាត់​ផ្លូវការ​របស់​ក្រុម​ខេត្តព្រៃវែង និង​ក្រុម​វិសាខា កាលពី​ល្ងាច​ថ្ងៃ​៤​កើត ខែ​ក​ក្ដិ​ក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤​ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​២០ ខែតុលា ឆ្នាំ​២០២០ ដែល​ពីរ​ក្រុម​នេះ​ត្រូវ​ប្រកួត​ជាមួយគ្នា​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន នា​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ៦​ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​លោក ឡុ​ច ចន្ថា គ្រូ​បង្គោល​ក្រុម​ជម្រើស​ខេត្តព្រៃវែង លើកឡើងថា ក្រុម​របស់លោក​បានរៀបចំ​យ៉ាង​ល្អ និង​សប្បាយចិត្ត ដែល​បាន​ក្លាយជា​ក្រុម​ដំបូង​មកពី​ថ្នាក់​ខេត្ត​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​លោក​ក៏ដូចជា​កូនក្រុម​ទាំងអស់​ប្តេជ្ញាចិត្ត​ថា​នឹង​លេង​ឱ្យអស់​១០០​ភាគរយ ដើម្បី​ប្រជែង​យកឈ្នះ​ឡើងទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​ចំណែកឯ លោក Colum Curtis គ្រូ​បង្គោល​ក្លិប​វិសាខា​លើកឡើង​ដែរ​ថា លោក​មិនអាច​មើលស្រាល​ក្រុម​ព្រៃវែង​ឡើយ ប៉ុន្តែ​លោក​សរសើរ​ពួកគេ​លេង​បាន​យ៉ាង​ល្អ​។ ជាក់ស្ដែង​ពួកគេ​បាន​ទម្លាក់​អង្គ​រថា​យ​ហ្គឺ​រ និង​សមាគម​បាល់ទាត់​កងយោធពល​ខេមរភូមិន្ទ​។ ទោះ​យ៉ាងនេះ​ក្តី ក៏​ក្រុម​វិសាខា​បាន​ត្រៀមខ្លួន​ល្អ​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត បច្ចេកទេស ដើម្បី​ឆ្ពោះទៅ​ប្រជែង​ជើងឯក ពានរង្វាន់​សម្តេច​តេ​ជោ រដូវ​កាល ២០២០​នេះ​ដូចគ្នា​ផងដែរ​។​

​សម្រាប់​១​ប្រកួត នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន នេះដែរ គឺជា​ការជួបគ្នា​រវាង​ក្រុម​ណាហ្គា​វើ​លដ៍ និង​ភ្នំពេញ​ក្រោ​ន ដោយ​ត្រូវ​ប្រកួត​នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ដូចគ្នា​៕​ដោយ​៖ ហេង ណា​លីន​