អនុប្រធាន​ទី​២​ព្រឹទ្ធសភា ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​គាស់ក្រឡ និង ស្រុក​មោងឫស្សី

​AKP បាត់ដំបង ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០–​

នៅ​ថ្ងៃ​៤​កើត ខែ​ក​ក្ដិ​ក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​២០ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត ទេព ង​ន អនុប្រធាន​ទី​២ ព្រឹទ្ធសភា និង លោក អ៊ុយ សុធាវី អភិបាលរង នៃ​គណៈ​អភិ​បា​ខេត្តបាត់ដំបង បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ចំនួន ៣០០​គ្រួសារ នៅ​ស្រុក​គាស់ក្រឡ និង​២០០​គ្រួសារ នៅ​ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។

​ក្នុងឱកាស​នោះ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត ទេព ង​ន បាន​អំពាវនាវ​ដល់​អាជ្ញាធរ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ប្រកាន់ខ្ជាប់​នូវ​ការធ្វើ​អនាម័យ និង​សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​ចៀស​ផុតពី​គ្រោះថ្នាក់​ធម្មជាតិ​នេះ និង​ត្រូវ​យកចិត្តទុកដាក់​ដល់​ការថែទាំ​កុមារ​តូចៗ​កុំឱ្យ​លេង​ទឹក ដើម្បី​បង្ការ និង​ទប់ស្កាត់​នូវ​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់​ថែទាំ​សុខភាព និង​រស់នៅ​ប្រកបដោយ​អនាម័យ ដើម្បី​ចៀសវាង​កើតមាន​ជំងឺ​ផ្សេងៗ ។ ជាមួយគ្នានេះ ឯកឧត្តម​ក៏បាន​កោតសរសើរ​ដល់​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​នៅក្នុង​ស្រុក​គាស់ក្រឡ និង​ស្រុក​មោងឫស្សី​ទាំងអស់ ដែល​បាន​ខិតខំ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។

នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម​អនុប្រធាន​ទី​២ ព្រឹទ្ធសភា ក៏បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ មាន​សមត្ថកិច្ច ត្រូវ​បន្ត​អនុវត្តន៍​ជា​រៀងរាល់ថ្ងៃ​នូវ​យុទ្ធនាការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អំពី​វិធានការ​បង្ការ និង​ទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ស្របតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ៕​ដោយ ណ​យ នឿន (​ប្រភព​:​រដ្ឋបាលខេត្ត​បាត់ដំបង​)