ទីប្រឹក្សា​សម្តេចនាយក​រដ្ឋមន្ត្រី នឹង​ចេញផ្សាយ​សៀវភៅ «​សម្តេច ហ៊ុន សែន កំពូល​ស្ថាបនិក និង​បិតា សន្តិភាព​»​ជា​ផ្លូវការ​ឆាប់ៗ​នេះ​

AKP ភ្នំពេញ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០–

ឯកឧត្តម ពៅ សុខ ទីប្រឹក្សា​ផ្ទាល់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​AKP​នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ ថា សៀវភៅ​«​សម្តេច ហ៊ុន សែន កំពូល​ស្ថាបនិក និង​បិតា​សន្តិភាព​» ដែល​ឯកឧត្តម​ចំណាយពេល​ប្រមាណ​១០​ឆ្នាំ ក្នុងការ​ប្រមូល​ទិន្នន័យ និង​សរសេរ និង មាន កម្រាស់ ជាង​៦០០​ទំព័រ​នេះ នឹងត្រូវ​ចេញផ្សាយ​នៅ​ចុង ខែតុលា ឆាប់ៗ​នេះ​។​

​ឯកឧត្តម​បាន​រម្លឹកថា ការចេញផ្សាយ​សៀវភៅ​នេះ ដើម្បី​អបអរសាទរ ខួប​២៩​ឆ្នាំ នៃ​ការចុះហត្ថលេខា លើ​កិច្ច ព្រម ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១ និង​រម្លឹក​ពី​អនុស្សាវរីយ៍ នៃ​ព្រឹត្តិការណ៍ ដ៏ ជូរចត់ ឈឺចាប់​វេទនា​របស់​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស អំឡុងពេល​ប្រទេស​មាន​សង្គ្រាម​។​

​ឯកឧត្តម​បញ្ជាក់ថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ ជា​ឫសគល់ នៃ​ប្រជាធិបតេយ្យ ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ ជា​ឫសគល់ នៃ​សន្តិភាព ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១ ជា​ឫសគល់ នៃ​ការ​អភិ វ​ឌ្ឍ​។ បើ​គ្មាន​កិច្ចព្រមព្រៀង​ប៉ារីស​ទេ នឹង​គ្មាន​ការបោះឆ្នោត គ្មាន​ប្រជាធិបតេយ្យ គ្មាន​សន្តិភាព និង​គ្មាន ការអភិវឌ្ឍ​ឡើយ​។​

​ឯកឧត្តម​ទីប្រឹក្សា បញ្ជាក់​បន្ថែមថា នៅក្នុង​សៀវភៅ​នេះ ក៏​បង្ហាញ​ផងដែរ ពី​វីរភាព​ដ៏​អង់អាច​ក្លាហាន របស់ ថ្នាក់​នាំ​ជាតិ នៃ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល បាន​លះបង់​អាយុជីវិត លះបង់​គ្រួសារ យកអាយុ​ជីវិត​ធ្វើជា​ដើមទុន ដើម្បី​ស្វែងរក​សន្តិភាព និង​បញ្ចប់ សង្គ្រាម ទាំងស្រុង​នៅ​កម្ពុជា​។ នៅក្នុង​សាវតារ នៃ​សៀវភៅ​នេះ សម្តេច​ហ៊ុន សែន ត្រូវបាន​គេ​មើលឃើញថា បាន​ប្រថុយ​យក​ជីវិត​ធ្វើជា​ដើមទុន ដើម្បី​រំដោះជាតិ​ចំនួន​៣​លើក​ធំៗ​។ លើក​ទី​១ នៅ​ឆ្នាំ​១៩៧០ ក្រោយពី ព្រឹត្តិការណ៍​រដ្ឋប្រហារ​ទម្លាក់​ព្រះករុណា សម្តេចព្រះ​នរោត្តម​សីហនុ ពី​រាជបល្ល័ង្ក លើក​ទី​២ នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ពេល​សម្តេច ដឹកនាំ​យុទ្ធ​មិត្ត​ចំនួន​៤​នាក់​ផ្សេងទៀត​រត់​ភៀសខ្លួន​ទៅកាន់ ប្រទេស វៀត ណា​ម និង​ទី​៣ នៅ​ឆ្នាំ​១៩៩៦ នៅពេល​សម្តេច អញ្ជើញ​ទៅកាន់​តំបន់​ប៉ៃលិន និង​សំឡូត ដើម្បី ទទួល បងប្អូន​អតីត​ខ្មែរក្រហម ដែល​ធ្វើ​សមាហរណកម្ម​ជាមួយ​រាជរដ្ឋាភិបាល​។​

​ឯកឧត្តម​ទីប្រឹក្សា បញ្ជាក់​ផងដែរ​ថា សៀវភៅ​នេះ ក៏បាន​រម្លេច​ពី​មហា​គុណសម្បត្តិ គុណបំណាច់ ដ៏​ធំធេង របស់ សម្តេច តេ​ជោ ហ៊ុន សែន ក្នុងការ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​។ ព្រឹត្តិ​
ការណ៍ នៃ​គុណបំណាច់​ទាំងនោះ មានដូចជា​៖
១៖ សម្តេច ហ៊ុន សែន ធ្វើឱ្យមាន​ការប្រកាស​ប​ង្កើ​ត​រណសិរ្ស សាមគ្គី​សង្គ្រោះ​ជាតិ ថ្ងៃ​២ ធ្នូ នៅក្នុង ស្រុក ស្នួល ខេត្តក្រចេះ​
២៖ សម្តេច ហ៊ុន សែន ធ្វើឱ្យ​មានការ​រំដោះជាតិ ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃ​៧​មករា ឆ្នាំ ១៩៧៩
៣៖ សម្តេច ហ៊ុន សែន ធ្វើឱ្យមាន​ច្រក ឈានទៅរក​ការចរចា ថ្ងៃ​២​ធ្នូ ឆ្នាំ​១៩៨៧ នៅ​ហ្វ៊ែ​រ​អង់​តា​ដឺ​ណ័​រ ៤៖ សម្តេច ហ៊ុន សែន ធ្វើឱ្យមាន​កិច្ចព្រមព្រៀង​សន្តិភាព ក្រុងប៉ារីស ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១
៥៖ សម្តេច ហ៊ុន សែន ធ្វើឱ្យមាន​ការបោះឆ្នោត​ដោយ​សេរី ពហុបក្ស និង​បង្កើត​របបរាជានិយម ឡើង វិញ នៅ​កម្ពុជា ឆ្នាំ​១៩៩៣
៦៖ សម្តេច ហ៊ុន សែន ជា​អ្នកបង្កើត​ឱ្យមាន​សន្តិភាព​១០០​ភាគរយ​ជា​ស្ថាបនិក នៃ​ការបញ្ចប់​សង្គ្រាម ទាំងស្រុង នៅ​កម្ពុជា ក្នុង​ខែធ្នូ ឆ្នាំ​១៩៩៨
៧៖ សម្តេច ហ៊ុន សែន ជា​អ្នកធ្វើ​ឱ្យមាន​របប​រាជា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​
៨៖ សម្តេច ហ៊ុន សែន ជា​អ្នកបង្កើត​ឱ្យមាន​ការអភិវឌ្ឍ​នៅ​គ្រប់​តំបន់ ជាពិសេស​តំបន់​សង្គ្រាម ជាប់​ព្រំ ដែន ឱ្យទៅជា​តំបន់​ពាណិជ្ជកម្ម សហប្រតិបត្តិការ និង​សន្តិភាព​។​

​ឯកឧត្តម​បញ្ជាក់ថា ខ្លឹមសារ នៃ​សៀវភៅ​ទាំងមូល ក៏​បង្ហាញ​អំពី​តម្លៃ នៃ​សន្តិភាព និង​ការ អភិ វ​ឌ្ឍ ព្រោះ​ប្រ ទេស​ជាតិ​មួយ បើ គ្មាន​សន្តិភាព​ទេ ប្រទេសជាតិ​នោះ ក៏​គ្មាន​ការអភិវឌ្ឍ​ដែរ​។ ត្រឹម​តែមាន​សន្តិភាព ក៏​មានន័យថា មនុស្ស​គ្រប់រូប មានទ្រព្យ​សម្បត្តិ ដ៏​មហាសាល​មួយ​រួចទៅហើយ​ដែរ​៕ ដោយ​៖ គង់ សិរី​រ័ត្ន​