ប្រជារាស្រ្តរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅខេត្តប៉ៃលិន ទទួលបានព្រះរាជអំណោយពីព្រះមហាក្សត្រ និងសម្តេចម៉ែ

វិទ្យុជាតិកម្ពុជា៖
ប៉ៃលិន៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល និងទទួលបានការអនុញ្ញាតពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ទូទៅអមក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចម៉ែ ចែកជូនដល់ប្រជារាស្រ្តរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងចំនួន ៥៩៩ គ្រួសារ រស់នៅក្នុងភូមិទាំង ១៦ នៃឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សកម្មភាពព្រះរាជតំណាងនេះ បានធ្វើឡើងនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ អមដំណើរដោយ មន្ត្រីសំខាន់ៗរបស់ក្រសួង ព្រះបរមរាជវាំង និងមានការចូលរួមទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំមន្ទីរស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងប្រជារាស្ត្រក្នុងមូលដ្ឋាននេះផងដែរ។
ឯកឧត្តម គុយ សុផល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ បានជម្រាបជូនពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់របស់ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដោយសព្វថ្ងៃព្រះអង្គកំពុងគង់សម្រាកពិនិត្យព្យាបាលព្រះរាជ​សុខភាព​នៅ រដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ព្រះអង្គមានព្រះរាជហឫទ័យនឹករឭក និងសាកសួរសុខទុក្ខ ក្នុងព្រះរាជ ហឫទ័យអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គ ដែលទទួលរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅខេត្តប៉ៃលិន ហើយកំពុងជួបប្រទះនូវការលំបាកខ្វះខាតក្នុងជីវភាពជាខ្លាំង ដូចជា៖ ការប្រឈមមុខទៅនឹងការខ្វះខាត ស្បៀងអាហារ ទីជម្រក បញ្ហាសុខភាព ការខូចខាតនូវភោគផលដំណាំ ទ្រព្យសម្បត្តិផ្សេងៗ និងការបំផ្លិចបំផ្លាញដល់ ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ ហេតុនេះហើយទើបព្រះអង្គទាំងទ្វេបានប្រោសព្រះរាជទានឱ្យរូបឯកឧត្តម នាំមកនូវ ព្រះរាជអំណោយដ៏ថ្លៃថ្លា មកចែកជូនដល់ប្រជានុរាស្ត្រទាំង ៥៩៩ គ្រួសារនេះ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាព ប្រចាំថ្ងៃ។
ឯកឧត្តមបានបញ្ជាក់ថា៖ ព្រះអង្គទាំងទេ្វតែងតែមានព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅទូទាំងកម្ពុជា ពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយដោយគ្រោះធម្មជាតិ ។
ឯកឧត្តមបន្តថា ព្រះករុណាព្រះមហាក្សត្រនិងសម្ដេចព្រះមហាក្សត្រី ព្រះអង្គតែងតែប្រោសព្រះរាជទាននូវព្រះរាជអំណោយ ដ៏ឧត្តុង្គឧត្តមគ្រប់បែបយ៉ាង ទាំងព្រះរាជអំណោយសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងព្រះរាជអំណោយជាឧត្តមប្រយោជន៍ សម្រាប់ការអភិវឌ្ឍក្នុងមូលដ្ឋានភូមិឃុំទាំងមូល ដើម្បីរួមចំណែកធ្វើឱ្យជីវភាពរស់នៅរបស់ប្រជារាស្រ្ត កាន់តែមានភាពល្អ ប្រសើរឡើងជាបន្តបន្ទាប់។

ប្រជារាស្រ្តដែលទទួលបានព្រះរាជអំណោយទាំង១៦ភូមិ បានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ព្រះរាជអំណោយដ៏ថ្លៃថ្លានេះ និងសូមថ្វាយព្រះរាជសព្ទសាធុការពរដ៏បវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី សូមព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពល្អ បរិបូណ៌ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជំ ដល់កូន ចៅ ចៅទួតរបស់ព្រះអង្គទូទាំងព្រះរាជាណាចក្រកម្ពុជាជាដរាបតរៀងទៅ។
សូមបញ្ជាក់ថា៖ ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដែលចែកជូនប្រជានុរាស្ត្រ ទាំង ១៦ភូមិ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនចំនួន ៥៩៩គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ១ បាវ ៥០គីឡូក្រាម, ឃីត ១កញ្ចប់ (មានមុង ១ ភួយ ១ ក្រមា ១ សារុង ១) មី ១កេស, ត្រីខ ១០កំប៉ុង, កៅស៊ូតង់ ១ផ្ទាំង, សាប៊ូ ៥ដុំ ,អាវយឺត ១ និងថវិកាចំនួន ៤០ ម៉ឺនរៀលផងដែរ៕
ញ៉ឹប បូរី ប៉ៃលិន