អភិបាលរាជធានីបញ្ជាឱ្យមន្ត្រី ជំនាញទប់ទំនប់ជុំវិញ បុរីត្រពាំងថ្លឹង១ នឹង ដាក់ម៉ាស៊ីនបូមទឹកចេញឱ្យអស់ រួចបាញ់ថ្នាំសម្លាប់មេរោគនិងសត្វល្អិត

វិទ្យុជាតិកម្ពុជា ៖ ដោយ​ លោក​ ហុក​ សុខរិន​

MC៖  ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពេលដឹកនាំអាជ្ញាធរដែនដីនិងមន្ទីរជំនាញចុះពិនិត្យស្ថានភាព ទឹកជំនន់ក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ បានបញ្ជាឱ្យមន្ទីរសាធារណការរាជធានីភ្នំពេញ  លើកទំនប់ ព័ទ្ធជុំវិញបុរីត្រពាំងថ្លឹង១ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងដាក់ម៉ាស៊ីនបូមទឹកចេញពីក្នុងបុរីឱ្យអស់  ហើយ ក្រោយពីបូមទឹកអស់ហើយ មន្ទីរសុខាភិបាលរាជធានីភ្នំពេញត្រូវបាញ់ថ្នាំសម្លាប់មេរោគនិងសត្វល្អិតនៅក្នុងបុរីនេះផង ដើម្បីការពារសុខមាលភាពប្រជាពលរដ្ឋ។ 

 ឯកឧត្តមបន្តថា  ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ មិនមែនមិនខ្វាយខ្វល់ មិនជួយបងប្អូនប្រជាពលរដ្ឋដែលលិចលង់ដោយទឹកជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌពោធិ៍សែនជ័យនោះទេ តែដោយសារ ក្នុងរយៈពេលប្រមាណជាមួយសប្តាហ៍នេះ អាជ្ញាធររាជធានីភ្នំពេញនិងកម្លាំងប្រដាប់អាវុធ បានប្រើកម្លាំងសរុបទាំងអស់ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកស្ទឹងព្រែកត្នោតដែលជន់លិចសង្កាត់មួយចំនួនក្នុងខណ្ឌដង្កោដោយនៅទីនោះអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរជាងប្រជាពលរដ្ឋដែលលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌពោធិ៍សែនជ័យនេះ ។

   ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា គ្រាន់តែនៅក្នុងសង្កាត់ចំនួន១២ក្នុងខណ្ឌដង្កោ គឺមានសង្កាត់ចំនួន ៩ទៅហើយ ដែលទទួលរងនូវការលិចលង់ដោយជំនន់ទឹកស្ទឹងព្រែកត្នោតនេះ។ ខណៈដែលទឹកស្ទឹងព្រែកត្នោតកំពុងតែគំរាមកំហែង នៅសង្កាត់មួយចំនួនក្នុងខណ្ឌដង្កោនេះ គឺអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងកម្លាំងប្រដាប់អាវុធ ពិសេសកងកម្លាំង ទាហានបានប្រើគ្រឿងចក្រជាច្រើនគ្រឿងដើម្បីទប់ទឹក តែមិនអាចទៅរួច ទើបយើងដកថយ យកកម្លាំងមកជម្លៀស ប្រជាពលរដ្ឋដែលលិចលង់ មកកាន់ទីទួលសុវត្ថិភាព ហើយកិច្ចការនេះយើងទទួលបានជោគជ័យ។ 

      ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំរំលោភប្រឡាយបង្ហូរទឹក ដែលធ្វើឱ្យស្ទះ ចរន្តទឹកហូរ ទើបបណ្តាលឱ្យលិចលង់លំនៅឋានបងប្អូនប្រជាពលរដ្ឋ។សម្រាប់ការងារចំពោះមុខ អាជ្ញាធររាជធានីភ្នំពេញ និងការពារប្រឡាយឱ្យបានគង់វង្ស ជាមួយនឹងការស្ដារប្រឡាយ ចៀសវាងលិចលង់ដោយជំនន់ទឹកភ្លៀងទៀត៕