ក្រសួងសង្គមកិច្ចជំរុញឱ្យបង្កើនការផ្សព្វផ្សាយព័ត៌មានស្វែងរកការងារឱ្យកាន់តែទូលំទូលាយ ជូនដល់ជនមានពិការភាព

 វិទ្យុជាតិកម្ពុជា ៖ យី វិចិ្ឆកា

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ចបានជំរុញឱ្យបង្កើនការផ្សព្វផ្សាយព័ត៌មានស្វែងរកការងារឱ្យកាន់តែទូលំទូលាយ ជូនដល់ជនមានពិការភាព ដើម្បីបង្កើនសេដ្ឋកិច្ច លើកកម្ពស់លទ្ធភាពទទួលបានឱកាស ការងារនិងមុខរបរសម្រាប់ជនមាន ពិការភាព។

ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងជា អគ្គលេខាធិការក្រុមប្រឹក្សា សកម្មភាពជនពិការ បានចាត់ទុកការបង្កើនការផ្សព្វផ្សាយព័ត៌មាន ឬប្រព័ន្ធស្វែងរកការងារឱ្យបានទូលំទូលាយដល់ជន មានពិការភាពគឺជាកិច្ចការសំខាន់ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចសម្រាប់ជនមានពិការភាព ។

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីឱកាសសេដ្ឋកិច្ចសម្រាប់ជនមានពិការភាព ឯកឧត្តម បានឱ្យដឹងថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្តីពីពិការភាព ដោយបានគិតយ៉ាងល្អិតល្អន់អំពី ការដោះស្រាយជូនជនមានពិការភាពដើម្បីបង្កើនការងារនិងសន្តិសុខសេដ្ឋកិច្ច ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់កំណើនការងារសមស្រប និងការពង្រីកអាជីពនិងមុខរបរ ដើម្បីបង្កើនជីវភាពរស់នៅបានសមរម្យ ជូនជនមានពិការភាព ។ 

ឯកឧត្តមបន្តថា កន្លងទៅនេះសមាគម ឬអង្គការជនមានពិការភាព ហាក់បាត់បង់ឱកាសដើម្បីរៀបចំគម្រោងស្នើសុំជំនួយ ពីដៃគូអភិវឌ្ឍ ដែលប្រការនេះអាចមកពីសមត្ថភាពរបស់ពួកគាត់នៅមានកម្រិត ទាមទារ លើកកម្ពស់សមត្ថភាពជំនាញ គ្រប់គ្រង និងហិរញ្ញវត្ថុដល់ជនមានពិការភាព ដើម្បីធានានិរន្តរភាពការប្រកបមុខរបរ ។ ក្នុងន័យនេះ ការផ្តល់ជំនាញ សហគ្រិនភាពដល់ជនមានពិការភាពនិងក្រុមគ្រួសារក្រីក្រ ដែលមានជនពិការភាពក្នុងបន្ទុកដើម្បីបង្កើត ពង្រឹង និង ពង្រីកមុខរបរសមស្រប គឺជាករណីសំខាន់។

គួរជម្រាបថា បច្ចុប្បន្ន ជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ក្នុងឆ្នាំ២០១៩កន្លងទៅ ជនមានពិការភាពចូលបម្រើការងារក្នុងក្រសួងស្ថាប័ន រដ្ឋចំនួន៤០ មានជនមានពិការភាពចំនួន ២.៨៦០នាក់ ក្នុងនោះស្រ្តីពិការចំនួន ៧៨៩នាក់ ជនពិការកម្រិតធ្ងន់ចំនួន ១.៥៥៧នាក់ បើគិតជាភាគរយស្មើនឹង ១,៩៥%។ ដោយឡែក វិស័យឯកជន រួមមាន៖ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ ស្ថិតិដែលក្រសួងសង្គមកិច្ចបានធ្វើការ សាកល្បងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប លើ១០២អង្គភាព មានជនមានពិការភាពចូលបម្រើការងារ ចំនួន៣.៧៩២នាក់ ស្រ្តី២.១៦២នាក់ សរុបទាំងស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេសមានចំនួនជនមានពិការភាព៦.៦៥២នាក់ ៕​