ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ៥០០គ្រួសារក្នុងស្រុកសង្កែខេត្តបាត់ដំបង ទទួលអំណោយសង្រ្គោះ

 វិទ្យុជាតិកម្ពុជា៖ អត្ថបទ ម៉ូតវ៉ោយហូរ

 បាត់ដំបង៖  អំណោយរបស់សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ត្រូវបានក្រុមអ្នកម្ដាយមនុស្សធម៌ ចូលរួមចំណែកការខ្វះខាត និងផ្ដល់កី្តស្រឡាញ់ដោយមិនរើសអើង ដឹកនាំដោយ លោកជំទាវ ញ៉ែមសាខន សខេង នាំយកមកចែកជូន ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន 500 គ្រួសារ មកពីឃុំចំនួន ៤ ក្នុងស្រុកសង្កែ គឺឃុំនរា ឃុំរកា ឃុំតាប៉ុន និងឃុំអន្លង់វិល នៅក្នុងបរិវេណ វត្តអណ្ដូងត្នោត កាលពីថ្ងៃទី 20 ខែតុលានេះ។

        ឯកឧត្តម ងួនរតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង បានបញ្ជាក់ថា មួយរយៈកាលនេះ ខេត្តបាត់ដំបងបាន រងផលប៉ះពាល់ដោយទឹកជំនន់ ដែលបានកើតឡើងព្រមគ្នា ចំពោះស្ទឹងទាំងបីរបស់ខេត្តបាត់ដំបង មានស្ទឹងមោង ស្ទឹងសង្កែ និងស្ទឹងបវេល។ ចំពោះផលប៉ះពាល់បានគ្របដណ្ដប់ទៅលើស្រុក ១៣ និងក្រុងមួយ។ 

ឯកឧត្តមបន្តថា ផលប៉ះពាល់ចំពោះមុខ ដែលនៅសេសសល់ គឺឃុំខាងក្រោម នៃស្ទឹងទាំងឡាយ ពិសេសស្ទឹងមោង គឺនៅសល់ឃុំកកោះនិងឃុំ ព្រៃតូច ដែលភូមិសាស្រ្ត ខាងក្រោមនេះ ទឹកបានជ្រុលមក ធ្វើឱ្យលិចភូមិ,លំនៅឋាន និងស្រូវរបស់ប្រជាពលរដ្ឋមួយចំនួន។ ចំពោះស្ទឹងសង្កែ ដោយសារទន្លេសាបយើង មានកម្ពស់ទាប ទើបបានហូរលឿន ចាក់ទៅទន្លេសាប ធ្វើឲ្យភូមិសាស្រ្តដែលរងផលប៉ះពាល់ ដោយស្ទឹងសង្កែនេះមានការថយចុះខ្លាំង។ 

ឯកឧត្តមបញ្ជាក់ថា ដោយឡែកស្ទឹងបវេល ទើបតែថមថយទេ ។ កាលពីមុនធ្វើឲ្យប៉ះពាល់ ស្រុកបវេល តែទឹកមួយចំនួន នៃស្ទឹងបវេល បានហៀរមកទំនប់កំពីងពួយ ដែលធ្វើឱ្យមានការបើកទ្វារទឹកបន្ត នាំឱ្យប៉ះពាល់ដល់ឃុំអូតាគី ឃុំអន្លង់រុន និងឃុំមួយចំនួនទៀតក្នុងស្រុកថ្មគោល ។ ចំពោះការចែកអំណោយកន្លងមក ឯកឧត្តមក៏បានសុំទោស ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះទាំងអស់ គឺការចែកអំណោយ ខ្លះបានតិចខ្លះទៀតបានច្រើន ពុំស្មើគ្នា ដោយមានក្រុមការងារ ក៏បានចុះចែក ព្រះសង្ឃក៏បាននិមន្តចុះចែក កាកបាទក្រហមក៏ដូចជាសប្បុរសជននានា ក៏បានចុះចែកទៅតាមលទ្ធភាព របស់សប្បុរសជន ទាំងអស់។

       ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាតំណាងលោកជំទាវ ក្រុមអ្នកម្ដាយមនុស្សធម៌ បានកោតសរសើរ ដល់ការខិតខំប្រឹងប្រែង របស់អាជ្ញាធរខេត្ត ដែលរួមជាមួយកងកម្លាំង ប្រដាប់អាវុធរបស់យើង ប្រមាណជាង 3 ពាន់នាក់ ចុះជួយតាមបណ្ដាស្រុក ដើម្បីជួយសង្គ្រោះ និងដឹកជញ្ជូនប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព បានទាន់ពេលវេលា។ ឯកឧត្តមបានបន្តទៀតថា ទាំងប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសម្ដេចក្រឡាហោមសខេង ពិតជាមាន ការខ្វល់ខ្វាយ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋ ដែលរងគ្រោះដោយ ធម្មជាតិទឹកជំនន់ ។

 ឯកឧត្តមបានបន្តថាៈ ប្រជាជនក្នុងខេត្តបាត់ដំបង ដែលប៉ះពាល់ដោយជំនន់ទឹកភ្លៀងរហូតមកដល់ពេលនេះ មានជាង 6 ម៉ឺនគ្រួសារ។ ចំនួននេះគឺជាចំនួន ដែលរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តនៅគ្រប់គ្រងបាន បើប្រៀបធៀបទៅនឹង ខេត្តបីធំៗទៀត ក្នុងនោះមានបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តកណ្ដាល។

     សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ទាំង៥០០គ្រួសារនេះ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២០ គីឡូក្រាម មីមួយកេស ទឹកស៊ីអ៊ីវ 1 យួរ ត្រីខកំប៉ុងមួយយួរ និងទឹកសុទ្ធមួយយួរ៕