ក្រសួងធនធានទឹកអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការហក់ឡើងនៃទឹកទន្លេមេគង្គ ដែលនឹងកើតឡើងចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែតុលា

 វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២០ ១០ ២០២០

MC៖ក្រសួងធនធានទឹកនិង ឧតុនិយម អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ដែលកំពុងបន្តអូសបន្លាយ ធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងមកលើអាងទន្លេមេគង្គក្នុងប្រទេសឡាវ និង តំបន់ភាគឦសានប្រទេស កម្ពុជា ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលវិទ្យុជាតិកម្ពុជាទទួលបាននៅថ្ងៃទី២០ ខែតុលានេះ បានឱ្យដឹងថា ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប( ITCZ ) ភ្ជាប់នឹងវិសម្ពាធដែលបាន និងកំពុងបន្តអូសបន្លាយពីលើកម្ពុជា បានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើន នៅអាងទន្លេមេគង្គក្នុងប្រទេសឡាវ និង តំបន់ភាគឦសានប្រទេសកម្ពុជា ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យទឹកទន្លេមេគង្គ នៅភាគខាងលើ បន្តឡើងជាលំដាប់ក្នុងរយៈពេលពី៤ ទៅ ៦ថ្ងៃខាងមុខ ។

សេចក្តីជូនដំណឹងបន្តថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២០ ស្ថានីយជលសាស្ត្រមេគង្គ-ស្ទឹងត្រែងទឹកអាចឡើងដល់កម្រិត កម្ពស់៩,៥០ ម៉ែត្រ។ចំណែកនៅថ្ងៃទី២៥ខែតុលា ស្ថានីយជលសាស្ត្រមេគង្គ- ចេះ ទឹកអាចឡើងដល់កម្រិតកម្ពស់ ២០ ម៉ែត្រ និង នៅថ្ងៃទី ២៦ ខែតុលា ស្ថានីយជលសាស្ត្រមេគង្គ-កំពង់ចាម ទឹកអាចឡើងដល់កម្រិតកម្ពស់ ១៤,១០ ម៉ែត្រ ។

ក្រសួងធនធានទឹកបញ្ជាក់ថា   ការហក់ឡើងនៃទឹកទន្លេមេគង្គភាគខាងលើនេះ នៅមានសភាពទាបជាងកម្រិតកម្ពស់ប្រកាស ឱ្យមានការប្រុងប្រយ័ត្ននៅឡើយ ។ ជាមួយគ្នានេះ ចំពោះបណ្តាខេត្ត ដែលមានទំនាក់ទំនងនឹងរបបទឹកទន្លេ ត្រូវមានវិធានការ ក្នុងការបើកទ្វារទឹក ដើម្បីបញ្ចូលទៅតាមព្រែក ទៅបណ្តាអាងទឹកនានា និង តំបន់ទំនាប ។

ដូច្នេះសូមក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ និង សាធារណជនពិសេសប្រជាពលរដ្ឋ ដែលរស់នៅ អមសងខាងទន្លេខាងលើ សូមជ្រាបជាព័ត៌មាន និង បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះ ថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕​​