ស្រុកចំនួន ៩ ក្នុងខេត្តបន្ទាយមានជ័យ ទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា


បន្ទាយមានជ័យ៖ ស្រុកចំនួន ៩ ក្នុងខេត្តបន្ទាយមានជ័យ ទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដែលបានបណ្តាល ឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ លិចលង់ផ្ទះសំបែងជាច្រើនខ្នង និងបណ្តាលឱ្យមនុស្សស្លាប់ផងដែរ។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ជំនន់ទឹកភ្លៀងដែលជន់លិច លើក្រុងស្រុកចំនួន ៩នេះ បណ្ដាលមកពីភ្លៀងបន្តធ្លាក់ក្នុងកម្រិតមធ្យម និងទឹកហូរធ្លាក់តាមអូរព្រំដែន មកពីសុ្រកបវេល ខេត្តបាត់ដំបង និងធ្លាក់មកពីប្រទេសថៃ ទើបធ្វើឱ្យលិចតាមតំបន់ទំនាប ដូចជា តាមមាត់អូ ស្ទឹង និងប៉ះពាល់ដល់អាយុជីវិត មនុស្ស សត្វ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ ឯកឧត្ដមបន្តថា ក្រុងស្រុកចំនួន ៩នោះ រូមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកអូជ្រៅ ស្រុកស្វាយចេក ស្រុកព្រះនេត្រព្រះ ស្រុកថ្មពួក ស្រុកមង្គលបូរី ស្រុកម៉ាឡៃ និងស្រុកភ្នំស្រុក។
ឯកឧត្ដមបញ្ជាក់ថា ផលប៉ះពាល់លើ៩ ក្រុងស្រុក, ៦០ឃុំ/សង្កាត់ បណ្ដាលឱ្យលង់ទឹកស្លាប់ចំនួន ១៦ នាក់ (កុមារ ៣នាក់ ) បាត់ខ្លួនម្នាក់ ប៉ះពាល់លំនៅឋាន ២៦,៧៥៣ ខ្នង និងជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាពចំនួន ៤២២២ គ្រួសារ, លិចស្រែចំនួន ៦២,៣៣៤ ហិកតា ដំឡូងមី ៩៨៨០ ហិកតា និងដំណាំរួមផ្សំ ៥៤៣ហិកតា សាលារៀន ១៣៤ សាលា មណ្ឌលសុខភាព ៩ កន្លែង វត្ត ៦០ សាលាឃុំ ៥ ផ្លូវ ៧៤១កន្លែង លិចអណ្ដូងស្នប់ ៥៤កន្លែង និងរន្ទះបាញ់សត្វគោ ១ក្បាល។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកតាមព្រំដែននៅតែបន្តកើនឡើង បង្កឱ្យមានផលប៉ះពាល់ ជាពិសេស ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី និងស្រុកនៅជាប់ព្រំដែនកម្ពុជា ថៃ៕​