ថ្នាក់ដឹកនាំ នៃឧត្តមមន្រ្តីទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្បៈអាស៊ាន ជួបប្រជុំគ្នាតាមរយៈប្រព័ន្ធវីដេអូ

 វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កិច្ចប្រជុំឧត្តមមន្រ្តីទទួលបន្ទុកវប្បធម៌អាស៊ានលើកទី១៦ ក្រោមប្រធានបទ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងមាគ៌ាឆ្ពោះទៅមុខសម្រាប់វិស័យវប្បធម៌និងសិល្បៈ តាមរយៈប្រព័ន្ធវីដេអូ បានរៀបចំឡើង ក្រោមការដឹកនាំរបស់ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្បៈអាស៊ានលើកទី១៦។ 

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាឧត្តមមន្រ្តីទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្បៈរបស់ ប្រទេសជាសមាជិកអាស៊ាន រួមនឹងដៃគូសន្ទនាអាស៊ាន។

កិច្ចប្រជុំបានពិនិត្យ និងវាយតម្លៃលើកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យវប្បធម៌ និងសិល្បៈ ជាមួយបណ្តាដៃគូសន្ទនា ដែលរួមមាន: សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ និងជប៉ុន។ ជាមួយនេះកិច្ចប្រជុំក៏បានពិនិត្យផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យវប្បធម៌ និងសិល្បៈ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្រទេសជាដៃគូសន្ទនា 2020-2022។ លើសពីនេះ កិច្ចប្រជុំក៏បានពិនិត្យ លើផែនការយុទ្ធសាស្រ្តសម្រាប់វប្បធម៌ និងសិល្បៈឆ្នាំ២០១៦-២០២៥ ដែលមានគោលបំណងធ្វើឲ្យស៊ីជម្រៅផ្នត់គំនិតអាស៊ាន និងសម្រួលកិច្ចសន្ទនាអន្តរវប្បធម៌ក្នុងចំណោមប្រជាជនអាស៊ាន តាមរយៈការចូលរួមរបស់ភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់ ការយល់ដឹងពីគ្នាទៅវិញទៅមក និងលើកស្ទួយប្រវត្តិសាស្រ្តវប្បធម៌សិល្បៈប្រពៃណី និងគុណតម្លៃរបស់តំបន់អាស៊ាន៕