ក្រសួងធនធានទឹក អំពាវនាវ​ប្រជាពលរដ្ឋ​ រស់នៅ​អម​សងខាង​ទន្លេ​ ​ប្រុងប្រយ័ត្ន​ខ្ពស់​ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ ដែល​អាច​កើតឡើង​ជាយថាហេតុ

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង​ដល់​សាធារណជនថា ​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ​) ភ្ជាប់​នឹង​វិសម្ពាធ​ ដែល​បាន​នឹង​កំពុង​បន្ត​អូស​បន្លាយ​ ពី​លើ​កម្ពុជា​បាន ធ្វើឲ្យមាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​អាង​ទន្លេមេគង្គ ​ក្នុង​ប្រទេស​ឡាវ​ និង​តំបន់​ភាគ​ឦសាន​ប្រទេស​កម្ពុជា​។

ក្រសួងបានបន្តថាស្ថានភាព​បែបនេះ​នឹងធ្វើឲ្យទឹក​ទន្លេមេគង្គ​នៅ​ភាគ​ខាងលើ​ បន្ត​ឡើង​ជាលំដាប់​ក្នុងរយៈ​ពេល​ពី ៤ ទៅ ៦ ថ្ងៃខាងមុខ​ក្នុង​នោះ​ ដោយនៅ​ថ្ងៃទី ២៤ ខែតុលា ​ឆ្នាំ២០២០ ស្ថានីយ​ជលសាស្ត្រ​មេគង្គ​-ស្ទឹងត្រែង​ ទឹក​អាច​ឡើង​ដល់កម្រិត​កម្ពស់ ៩,៥០ ម៉ែត្រ​។

នៅ​ថ្ងៃទី ២៥ ខែតុលា​ឆ្នាំ ២០២០ ស្ថានីយ​ជលសាស្ត្រ​មេគង្គ​-ក្រចេះ​ទឹក​ អាច​ឡើង​ដល់​កម្រិត​កម្ពស់ ២០,០០ ម៉ែត្រ​។

និងនៅ​ថ្ងៃទី ២៦ ខែតុលា​ឆ្នាំ ២០២០ ស្ថានីយ​ជលសាស្ត្រ​មេគង្គ​-កំពង់ចាម​ទឹក​អាច​ឡើង​ដល់កម្រិត​កម្ពស់ ១៤,១០ ម៉ែត្រ​។

ក្រសួងធនធានទឹក បានបញ្ជាក់ថា ការ​ហក់​ឡើង​នៃ​ទឹក​ទន្លេមេគង្គ​ភាគ​ខាងលើ​នេះ ​នៅ​មាន​សភាព​ទាប​ជាង​កម្រិត​កម្ពស់​ប្រកាស ឲ្យមាន​ការប្រុងប្រយ័ត្ន​នៅឡើយ​។

ទោះបីជាយ៉ាងណាក្តី ក្រសួងបានអំពាវនាដល់ ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ ​និង​សាធារណជន​ ពិសេស​ប្រជាពលរដ្ឋ ​ដែល​រស់នៅ​អម​សងខាង​ទន្លេ​ខាងលើ​ បង្កើន​ការ​យកចិត្តទុកដាក់​ ប្រុងប្រយ័ត្ន​ខ្ពស់​ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ ដែល​អាច​កើតឡើង​ជាយថាហេតុ​។

ក្រសួងធនធានទឹក បានបន្តថា ចំពោះ​ប​ណ្តា​ខេត្ត ​ដែល​មាន​ទំនាក់ទំនង​នឹង​របប​ទឹកទន្លេ​ ត្រូវ​មាន​វិធានការ​ក្នុង​ការ​បើកទ្វារ​ទឹក​ ដើម្បី​បញ្ចូល​ទៅតាម​ព្រែក​ប​ណ្តា​អាងទឹក​នានា ​និង​តំបន់​ទំនាប​៕

ដោយ៖ កន ចំណាន