គណកម្មាធិការពិគ្រោះយោបល់ស្រុកថាឡាបរិវ៉ាត់ សហការជាមួយអង្គការភ្លែនអន្តរជាតិ ជំរុញឱ្យមានការបង្កើនការងារបង្ការជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា៖ លោក គឹមហឿន ស្ទឹងត្រែង


M.C គណកម្មាធិការពិគ្រោះយោបល់កិច្ចនារីនិងកុមារស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង សហការជាមួយអង្គការភ្លែនអន្តរជាតិ កម្ពុជា ជំរុញឱ្យមានការលើកកម្ពស់ការបង្ការជំងឺកូវីដ-១៩នៅតាមសហគមន៍និងផ្តល់ឱកាសឱ្យយុវតីកាន់តួនាទីជាអ្នកដឹកនាំ។
ក្នុងកិច្ចប្រជុំស្តីពីផលប៉ះពាល់ជំងឺកូវីដ-១៩នៅស្រុកថាឡាបរិវ៉ាត់ នាព្រឹកថ្ងៃទី២០តុលា ឆ្នាំ២០២០ លោកស្រីសេកសុខុម ប្រធានគណកម្មាធិការពិគ្រោះយោបល់កិច្ចនារីនិងកុមារស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា ជំងឺកូវីដ-១៩នៅខេត្តស្ទឹងត្រែង មិនមានករណីនាំចូលឬឆ្លងនោះទេ ហើយប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានរួមគ្នាអនុវត្តន៍មានប្រសិទ្ធភាព ដោយបានធ្វើ អនាម័យទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកស្រីបន្តថា៖ជាមួយគ្នានេះយើងមានអង្គការភ្លែនជាដៃគូបានមកពង្រឹងបន្ថែមក្នុងការផ្តល់សារអប់រំ និងសម្ភារប្រើប្រាស់សម្រាប់ការងារបង្ការដល់មូលដ្ឋាន ហើយពេលនេះយើងបានសហការគ្នាលើកទឹកចិត្តឱ្យក្មេង មានតួនាទីជាអ្នកដឹកនាំក្នុងការជួយអប់រំផ្សព្វផ្សាយបន្ថែមទៀត។

លោកផែនប៊ុនភឿនប្រធានតំបន់អង្គការភ្លែនកម្ពុជាប្រចាំខេត្តស្ទឹងបានទទួលស្គាល់ថា៖ វិធានការ ការពារជំងឺនេះ អង្គការភ្លែនរួមជាមួយអាជ្ញាធរពាក់ព័ន្ធនិងបន្តយកសម្ភារអនាម័យទៅផ្តល់ជូនប្រជាពលរដ្ឋតាមគ្រួសារនីមួយៗ នៅស្រុកសៀមប៉ាង -ស្រុកសៀមបូក- ថាឡាបរិវ៉ាត់និងស្រុកបុរីអូរស្វាយសែនជ័យរួចមកហើយ។

លោកបន្តថាអង្គការភ្លែននៅតែជួយគាំទ្របន្ថែម ដើម្បីជួយបម្រើសង្គមជាតិទាំងមូលដូចជាវិស័យអប់រំ វិស័យសុខាភិបាលនិងគាំទ្រក្នុងការលើកកម្ពស់ ផ្នែកសុខភាពកុមារនិងទារក ហើយក៏ផ្តូចផ្តើមឱ្យស្ត្រីក្នុងវ័យកុមារ មានភាពជាអ្នកដឹកនាំបន្ថែមទៀត ដើម្បីជួយដឹកនាំសង្គមជាតិយើងឱ្យកាន់តែមានភាពរីកចម្រើនឡើង។
កញ្ញាគឹមលៀង យុវតីរៀនថ្នាក់ទី១២នៅស្រុកថាឡាបរិវ៉ាត់ បានអះអាងថា៖ កញ្ញាត្រូវបានថ្នាក់ដឹកនាំគណកម្មាធិការស្រី្ត ជ្រើសរើសឱ្យបំពេញការងារជាអ្នកដឹកនាំនៅតាមសាលារៀនក៏ដូចជានៅក្នុងជួរស្ត្រីក្នុងវ័យកុមារនៅឆ្នាំ២០២០នេះ។
កញ្ញាប្តេជ្ញាខិតខំបំពេញកិច្ចការងារទៅតាមការណែនាំ ព្រោះដើម្បីជួយជាប្រយោជន៍សម្រាប់ក្រុមគ្រួសារផង និងសង្គមជាតិផង ជាពិសេសជួយផ្តល់សារអប់រំប្រជាពលរដ្ឋយើងឱ្យធ្វើអនាម័យសម្អាតដៃជើង ខ្លួនប្រាណដើម្បីជីវិតរស់នៅ មានសុខភាពល្អ ។
សូមបញ្ជាក់ថា៖នេះជាលើកទីមួយហើយដែលអង្គការភ្លែនបានបង្កើតឡើង ឱ្យមានវ័យកុមារជាស្ត្រីក្នុងភាពជាអ្នកដឹកនាំ ដើម្បីជូយផ្នែកសុខភាពនិងការងារអប់រំនៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងនេះ៕​