មន្រ្ដីជំនាញ អះអាងថា ការលាងសម្អាតដៃអាចជួយទប់ស្កាត់ជំងឺជិត៥០ភាគរយ

 វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា 

MC៖មន្រ្ដីជំនាញក្រសួងអភិវឌ្ឍន៍ជនបទ អះអាងថា ការលាងសម្អាតដៃអាចជួយទប់ស្កាត់ជំងឺជិត៥០ភាគរយ និងចំណាយថវិកាតិចបំផុត។

លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា ដៃគឺជាផ្លូវដង្ហើមរបស់មេរោគគ្រប់ប្រភេទ ។ កង្វះអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ គឺជាមូលហេតុចម្បងធ្វើឱ្យមានជំងឺ ប៉ះពាល់ដល់សុខភាព ការលូតលាស់ និងអាយុជីវិតទាំងអស់គ្នា។

លោកវេជ្ជបណ្ឌិតបន្ដថា ការលាងសម្អាតដៃជាមួយសាប៊ូអាចកម្ចាត់បានជំងឺនៃការចម្លងផ្នែកខាងក្រៅ  និងធ្វើឱ្យជំងឺមួយចំនួនអសកម្មបានជិត៥០ភាគរយ ហើយកាត់បន្ថយការចំណាយប្រាក់ក្នុងការព្យាបាលជំងឺបានទៀតផង។

លោក​បញ្ជាក់​ថា​«ក្នុងបណ្ដាជំងឺតម្កាត់ផ្សេងៗ ដែលជាមេរោគនៅក្នុងទឹក ចំណីអាហារ និងបរិស្ថានជំុវិញខ្លួន គឺអាចឆ្លងមកក្នុងខ្លួន មនុស្សបានគ្រប់ពេល ប៉ុន្ដែយើងអាចកាត់បន្ថយជំងឺនេះបានតាមរយៈការលាងសម្អាតដៃគឺសឹងតែ៥០ភាគរយ ដែលអាច ទប់ស្កាត់បាន ដែលបង្កជំងឺជាមេរោគនេះ ហើយជាវិធានការល្អប្រសើរ និងងាយស្រួលបំផុត ចំណាយអស់លុយតិច តែទទួលបានលទ្ធផលច្រើន គឺការលាងសម្អាតដៃយើងនេះហើយ»។

លោកបានលើកទឹកចិត្ដឱ្យប្រជាពលរដ្ឋលាងសម្អាតដៃជាមួយសាប៊ូឱ្យបានញឹកញាប់ក្រោយពេលចេញពីបន្ទប់ទឹក មុននឹងប៉ះពាល់មុខ និងញ៉ាំអាហារ ដើម្បីការពារជំងឺឆ្លងឱ្យមានប្រសិទ្ធភាព។

តាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថា កុមារដែលរស់នៅក្នុងមជ្ឈដ្ឋានខ្វះអនាម័យ បង្កឱ្យមានជំងឺរាករូស ជំងឺផ្លូវដង្ហើម ស្រួចស្រាល់ ឆ្លងជំងឺដង្កូវព្រូន ដែលធ្វើឱ្យកុមារមានភាពស្លេកស្លាំង ឈានទៅ កង្វះអាហាររូបត្ថម្ភ ប្រឈមនឹងភាពក្រិសក្រិន ដែលបង្អាក់ដល់ការលូតលាស់ទាំងផ្នែករាងកាយ និងបញ្ញាស្មារតីជាដើម៕