រដ្ឋបាលក្រុងប៉ោយប៉ែត ប្រកាសផ្អាកចរាចរណ៍ ជាបណ្តោះអាសន្ន ចំពោះរថយន្តធុនធំទាំងអស់ តាមបណ្តោយផ្លូវជាតិលេខ៥

 វិទ្យុជាតិកម្ពុជា ៖

MC៖  រដ្ឋបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២០ ខែតុលានេះ បានប្រកាសផ្អាក ធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តធុនធំទាំងអស់ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចអាស្រមលោកយាយម៉ៅ រហូតដល់ផ្លូវបំបែកកូនដំរី ទៅស្រុកម៉ាឡៃ និងផ្លូវលំនានាក្នុងភូមិសាស្រ្តទីប្រជុំជនក្រុងប៉ោយប៉ែត។

    សេចក្តីជូនដំណឹងបានឱ្យដឹងថា ដោយសារឥទ្ធិពលទឹកជំនន់ហូរពីប្រទេសថៃ បានធ្វើឱ្យកម្រិតទឹកកើនយ៉ាងគំហុក នៅទីក្រុងប៉ោយប៉ែត ហើយលិចផ្ទះបងប្អូនប្រជាពលរដ្ឋជាបន្តបន្ទាប់  ពិសេសផ្លូវគមនាគមន៍នានាមិនអាចធ្វើចរាចរណ៍បាន។

រដ្ឋបាលក្រុងប៉ោយប៉ែតបានប្រកាសផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តធុនធំទាំងអស់នេះ គឺដោយសារមិនចង់ឱ្យមានខូចខាតផ្លូវ  ដែលនាំឱ្យខាតបង់នូវចំណូលសេដ្ឋកិច្ចជាតិ៕​