សាលារៀនប្រមាណ៣២ក្នុងចំណោម៦០០ នៅខេត្តសៀមរាប រងគ្រោះដោយសារជំនន់ទឹកភ្លៀង

 វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០

MC.មន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាបបានឱ្យដឹងថា មកដល់ពេលនេះជំនន់ទឹកភ្លៀងបានធ្វើឱ្យប៉ៈពាល់ដល់សាលារៀន ចំនួន៣២សាលាក្នុងចំណោម៦០០សាលារៀននៅក្នុងខេត្តសៀមរាប។ 

ប្រធានមន្ទីរអប់រំខេត្តបានក្រើនរំលឹកដល់អាណាព្យាបាលសិស្សទាំងអស់  ត្រូវយកចិត្តទុកដាក់ថែទាំ និងពិនិត្យតាមដាន ការសិក្សាររបស់កូនៗរបស់ខ្លួន តាមរយៈការធ្វើស្វ័យសិក្សានៅផ្ទះ ខណៈដែលសាលារៀនលិចទឹកពុំអាចទៅរៀនបាន។

មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០នេះ លោកលី ប៊ុណ្ណា ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្តសៀមរាបបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែតុលា សាលារៀនប្រមាណ៣២សាលាបានរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងដោយបានផ្អាកដំណើរការជាបណ្តោះអាសន្ន។លោកបន្តថា អាណាព្យាបាលទាំងអស់ត្រូវ​​យក ចិត្តទុកដាក់ តាមដានការសិក្សារបស់សិស្សនៅតាមផ្ទះ និងថែទាំកុមារជាប្រចាំនៅពេលមានទឹកជំនន់បែបនេះ  ព្រោះថា បច្ចុប្បន្នសិស្សកម្រិតបឋមសិក្សាត្រូវបានអនុញ្ញាតឱ្យចូលសាលារៀន១សប្តាហ៍តែ២ថ្ងៃប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា​ តាមតួលេខកាលពីថ្ងៃម្សិលម៉ិញនេះ មានលិច៣២សាលាដែលលិចទឹកទីធ្លារ ហើយក្នុង៣២អង្គភាពមានប្រមាណ ១០ភាគរយដែលបានផ្អាកជាបណ្តោះអាសន្ន ហើយក្នុងដំណាក់កាលនេះយើងនៅតែឱ្យក្មួយៗសិក្សានៅតាមផ្ទះ ហើយក៏ សំណូមពរដល់អាណាព្យាបាលទាំងអស់ តាមដាននិងជំរុញការសិក្សារបស់កូនជាបន្តបន្ទាប់ ជាពិសេសត្រូវរក្សាអនាម័យ និងណែនាំកូនចៅកុំឱ្យទៅលេងទឹក ហើយសាលារៀនយើងបានណែនាំឲ្យទុកដាក់សម្ភារឯកសារផ្សេងៗ ឱ្យបានត្រឹមត្រូវ ហើយកន្លងមកយើងរំដោះបាន ព្រោះយើងបានត្រៀមទុកជាមុន។ 

គួរជម្រាបផងដែរថា នៅក្នុងខេត្តសៀមរាប មានសាលារៀនទាំងអស់ប្រមាណជាង៦០០សាលា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា តាមការវិវត្តជាក់ស្តែង នៃស្ថានភាពអាកាសធាតុបង្ហាញថា នៅកម្ពុជាកំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងទទួលនូវឥទ្ធិពល នៃប្រព័ន្ធសម្ពាធទាប(lTCZ)និងសម្ពាធទាបសកម្ម(Active Low)និងវិវត្តប្រែប្រួលជាបន្តបន្ទាប់។លក្ខណៈបែបនេះ នឹងបង្កឱ្យស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាមាន ភ្លៀងបន្តធ្លាក់ទៅមុខទៀតក្នុងកម្រិតពី មធ្យមទៅច្រើន៕