សម្តេចតេជោហ៊ុនសែន អញ្ចើញទៅកាន់ខេត្តបន្ទាយមានជ័យដើម្បីសួរសុខទុក្ខនិងជួយឧបត្ថម្ភប្រជាជន ប្រមាណ២ម៉ឺនគ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

 វិទ្យុជាតិកម្ពុជា ៖

MC៖  សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ចើញទៅកាន់ខេត្ត បន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខនិងជួយឧបត្ថម្ភប្រជាជនប្រមាណ២ម៉ឺនគ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ដើម្បីជួយសម្រាល ការលំបាកជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតបណ្តាលមកពីជំនន់ទឹកភ្លៀង។

  យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោនៅព្រឹកថ្ងៃទី២០ ខែតុលានេះ បានសរសេរឱ្យដឹងថា សម្តេចនឹង បំពេញការងារពីរថ្ងៃនៅខេត្តបន្ទាយមានជ័យគឺថ្ងៃទី២១និងថ្ងៃទី២២ខែតុលាឆ្នាំ២០២០ មុននឹងត្រឡប់មកភ្នំពេញវិញ ដើម្បីដឹកនាំការប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃ២៣ខែតុលាឆ្នាំ២០២០។

សម្តេចតេជោបញ្ជាក់ថា ខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជាងគេនិងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អាទិភាព សង្រ្គោះផងនិងស្តារឡើងវិញផងក្រោយទឹកជំនន់។

សម្តេចតេជោក៏សូមអរគុណដល់សប្បុរសជនដែលជួយផ្តល់ជាថវិកា សម្ភារ​ និង ស្បៀងអាហារតាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហមកម្ពុជាឬក៏តាមអាជ្ញាធរថ្នាក់ក្រោមជាតិ ហើយបានចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះទៀតផង។

សម្តេចតេជោបានកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ

ព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់រងគ្រោះ ដែលនេះបានបង្ហាញនូវកម្លាំង សាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង។

សម្តេចតេជោហ៊ុនសែនក៏បានសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ៕