គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាពិនិត្យសេចក្តីព្រាងច្បាប់សម្រាប់ដាក់ចូលសម័យប្រជុំពេញអង្គ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២០ ១០ ២០២០


MC: គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែតុលានេះ បានបើកកិច្ចប្រជុំដើម្បីពិនិត្យនិងសម្រេចនូវសេចក្តីព្រាងច្បាប់ដែលជាសំណើរបស់រាជរដ្ឋាភិបាលសម្រាប់ ដាក់ចូលសម័យប្រជុំពេញអង្គរដ្ឋសភា ពិភាក្សា និងអនុម័ត។
ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឱ្យដឹងថា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចអនុម័ត បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នូវសេចក្តីព្រាងច្បាប់ចំនួន៤ ដែលគណៈកម្មាធិការជំនាញ រដ្ឋសភាបានពិនិត្យសិក្សារួចរាល់ និងបានទទួលយកសេចក្តីព្រាងច្បាប់ចំនួន៤ថ្មីទៀត ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូន គណៈកម្មការជំនាញនានារបស់រដ្ឋសភាពិនិត្យសិក្សា។
ឯកឧត្តម បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ដែលបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ មាន៖ ១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូ សេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។ ២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។ ៣- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។ និង៤- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិកនៃសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។
ចំណែកសេចក្តីព្រាងច្បាប់ចំនួន៤ ដែលត្រូវគណៈកម្មការជំនាញរបស់រដ្ឋសភា យកទៅពិនិត្យសិក្សាបន្ត បន្ទាប់ពីទទួលបានពីរាជរដ្ឋាភិបាលមានដូចជា៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។ ៣- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិក អាស៊ានណាមួយ និងពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជា សមាជិកអាស៊ាន។ និង៤- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម៕​