រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធពិគ្រោះយោបល់ពីគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៤

 វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២០ ១០ ២០២០

MC:  រាជរដ្ឋាភិបាលកម្ពុជា សិក្សាពីជម្រើសនៃការសាងសង់ផ្លូវក្រវាត់ក្រុងទី៤ ដែលនឹងតភ្ជាប់ ប្រព័ន្ធដឹកជញ្ជូនប្រវែង ជិត២០០គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តកំពង់ស្ពឺរហូតដល់ព្រំប្រទល់ខេត្តព្រៃវែង។

  ឯកឧត្ដម លីម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងកំពុងពិគ្រោះយោបល់ លើការជ្រើសរើសផ្លូវ សម្រាប់គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៤នេះ បន្ទាប់ពីក្រសួងបានស្នើឱ្យក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ចិនសិក្សាតាំងពីឆ្នាំ២០១៨ ហើយមកដល់ឆ្នាំ២០២០នេះ ក្រុមហ៊ុនបានសិក្សាចប់សព្វគ្រប់ហើយ។ 

  ថ្លែងក្នុងសាលាពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤និងការគ្រប់គ្រង ,ការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ និងការរៀបចំប្រព័ន្ធចម្រោះទឹកកខ្វក់ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម បានបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៤នេះមានប្រវែង១៩៥ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពឺ

តាកែវ កណ្តាល និងខេត្តព្រៃវែង។ ឯកឧត្ដម បានបន្តថា ខេត្តកំពង់ស្ពឺ ឆ្លងកាត់ចំនួន៣ស្រុក ខណៈខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាលចំនួន៨ស្រុក និងខេត្តព្រៃវែងចំនួន២ស្រុក។ 

  ឯកឧត្ដម លីម ស៊ីដេនីន មានប្រសាសន៍ទៀតថា ផ្លូវក្រវាត់ក្រុងទី៤នេះ ជាផ្លូវមួយមានសារសំខាន់ ដែលអាចចូលរួមចំណែក កាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ កាន់តែលឿន ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ បានមួយកម្រិតទៀត៕