ទីក្រុងបាគូរាយការណ៍អំពីការស្លាប់ជនស៊ីវិល ៦១នាក់ ចាប់តាំងពីភាពតានតឹងកើនឡើងនៅតំបន់ការ៉ាបាក់

AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០​ — កាលពីថ្ងៃចន្ទ ការិយាល័យអគ្គរដ្ឋអាជ្ញាអាស៊ែបៃហ្សង់បានរាយការណ៍ថា ចំនួនជនស៊ីវិលដែលត្រូវបានសម្លាប់ចាប់តាំងពីមានការប៉ះទង្គិចគ្នាជាថ្មីបានកើតឡើងនៅក្នុងតំបន់ជម្លោះ ណាហ្គោណូ-ការ៉ាបាក់មកបានកើនឡើងដល់ ៦១នាក់ ខណៈដែល ២៨២នាក់ផ្សេងទៀតបានរងរបួស។

សេចក្តីថ្លែងការណ៍មួយបាននិយាយថា «ជនស៊ីវិលសរុបចំនួន ៦១នាក់ត្រូវបានសម្លាប់ និង ២៨២នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារ ដោយការបាញ់គ្រាប់ផ្លោងរបស់កងកម្លាំងប្រដាប់អាវុធអារមេនីនៅលើតំបន់ដែលមានប្រជាជនរស់នៅចាប់តាំងពីថ្ងៃទី២៧ ខែកញ្ញាមក»។

កាលពីថ្ងៃទី១៨ ខែតុលា ការិយាល័យអគ្គរដ្ឋអាជ្ញាអាស៊ែបៃហ្សង់បានរាយការណ៍ថា ជនស៊ីវិល ៦០នាក់ត្រូវបានសម្លាប់ និង២៧០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការប្រឈមមុខដាក់គ្នារបស់កងកម្លាំងយោធា។

ការិយាល័យអគ្គរដ្ឋអាជ្ញាអាស៊ែបៃហ្សង់បាននិយាយថា ការវាយប្រហារដោយការបាញ់គ្រាប់ផ្លោងរបស់កងកម្លាំងប្រដាប់អាវុធអារមេនីក៏បានធ្វើឱ្យខូចខាតដល់អគារស៊ីវិលចំនួន ៣៤១កន្លែង ផ្ទះចំនួន ១.៨៤៦ និងអគារស្នាក់នៅចំនួន ៩០ ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)