វ៉ាក់សាំងជំងឺកូវីដ-១៩ រាប់ពាន់ដូសបានបញ្ជូនពីរុស្ស៊ីទៅដល់ប្រទេសវេណេហ្ស៊ុយអេឡា

AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០​ — ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថា វ៉ាក់សាំងជំងឺកូវីដ-១៩ ដែលផលិតដោយរុស្ស៊ីរាប់ពាន់ដូសបានបញ្ជូនមកដល់ប្រទេសវេណេហ្ស៊ុយអេឡាហើយ។

ប្រធានាធិបតីរូបនេះបាននិយាយថា «ថ្នាំប្រឆាំងវីរុស Favipiravir បានមកដល់ពីប្រទេសរុស្ស៉ីហើយ។ វាមានចំនួនរាប់ពាន់ដូសបានមកដល់ពីប្រទេសរុស្ស៊ីដើម្បីជួយសង្គ្រោះជីវិត»។ លោកបាននិយាយបន្ថែមថា ថ្នាំនេះមានប្រសិទ្ធភាពខ្ពស់សម្រាប់ព្យាបាលអ្នកជំងឺក្នុងសភាពធ្ងន់ធ្ងរ។

យោងតាមលោក ម៉ាឌូរ៉ូ បានឱ្យដឹងថា ថ្នាំនេះនឹងបានផ្តល់ឱ្យវេណេស៊ុយអេឡាដោយឥតគិតថ្លៃ។

នៅដើមខែតុលា ប្រទេសរុស្ស៊ីបានបញ្ជូនវ៉ាក់សាំងជំងឺកូវីដ-១៩ Sputnik V ដំបូងរបស់ខ្លួនទៅកាន់ប្រទេសវ៉េណេហ្ស៊ុយអេឡា។ យោងតាមអាជ្ញាធរវេណេហ្ស៊ុយអេឡាបានឱ្យដឹងថា សាធារណរដ្ឋមួយនេះនឹងចូលរួមនៅក្នុងផ្នែកទីបីនៃការធ្វើតេស្តវ៉ាក់សាំងនេះ ហើយវាក៏គ្រោងនឹងបង្កើតផលិតកម្មវ៉ាក់សាំងផង       ដែរ។

នៅថ្ងៃទី១១ ខែសីហា ប្រទេសរុស្ស៊ីបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានចុះបញ្ជីវ៉ាក់សាំងជំងឺកូវីដ-១៩ គឺ វ៉ាក់សាំង Sputnik V ដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានផ្នែករោគរាតត្បាត និងមីក្រូជីវសាស្រ្ត Gamaleya៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)