វិមានក្រឹមឡាំងសង្ឃឹមថា នឹងមានទំនាក់ទំនងបន្ថែមទៀត ជាមួយសហរដ្ឋអាមេរិកអំពីសន្ធិសញ្ញា New START

AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០​ — កាលពីថ្ងៃចន្ទ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា រុស្ស៊ីសង្ឃឹមថា នឹងមានទំនាក់ទំនងបន្ថែមទៀតជាមួយសហរដ្ឋអាមេរិកជុំវិញអាវុធវាយលុកជាយុទ្ធសាស្ត្រ បើទោះបីជាភាគីសហរដ្ឋអាមេរិកបានបដិសេធសំណើពន្យារពេលវិធានការសម្រាប់ការកាត់បន្ថយ និងកម្រិតអាវុធអាវុធវាយលុកយុទ្ធសាស្ត្រ (New START) ក៏ដោយ។

លោក Peskov បាននិយាយថា «យើងសង្ឃឹមថា ទំនាក់ទំនងជាមួយភាគីអាមេរិកនឹងបន្តក្នុងករណីណាក៏ដោយ។ ជាទូទៅ ដូចអ្វីដែលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយថា ការពន្យារពេលនៃសន្ធិសញ្ញានេះនឹងអនុញ្ញាតឱ្យយើងទទួលបានពេលវេលា១២ខែសម្រាប់កិច្ចចរចាយ៉ាងសំខាន់ និងចាំបាច់ទៅលើការគ្រប់គ្រងអាវុធ ពីព្រោះការដកខ្លួនចេញរបស់ប្រទេសយើងទាំងពីរ និងពិភពលោកទាំងមូលពីឯកសារនេះនាពេលបច្ចុប្បន្ន គឺជាផលវិបាកដ៏ធ្ងន់ធ្ងរនៅក្នុងមូលដ្ឋានគ្រឹះនៃស្ថិរភាពពិភពលោក និងសន្តិសុខជាយុទ្ធសាស្ត្រដែលនឹងបង្កនូវផលវិបាកដែលអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំង។

លោកបាននិយាយបន្ថែមថា «ជាការពិត យើងចង់ឮថា ដៃគូអាមេរិករបស់យើងបានត្រៀមខ្លួនក្នុងការបន្តឯកសារនេះ»។

លោក Peskov បាននិយាយថា គួរឱ្យសោកស្តាយសម្រាប់ពេលវេលាដែលមិនមានការរីកចម្រើនដែលគួរឱ្យចង់បាន ដែលត្រូវបានមើលឃើញនៅក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកអំពីសន្ធិសញ្ញា New START។

កាលពីថ្ងៃទី១៦ ខែតុលា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានស្នើឱ្យបន្តសន្ធិសញ្ញា New START យ៉ាងហោចណាស់មួយឆ្នាំដោយគ្មានលក្ខខណ្ឌជាមុន។ លោកជឿជាក់ថា ពេលវេលាបន្ថែមនេះអាចត្រូវបានប្រើប្រាស់សម្រាប់កិច្ចចរចាប្រកបដោយអត្ថន័យ ប៉ុន្តែសហរដ្ឋអាមេរិកបានច្រានចោលសំណើនេះ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)