GDP របស់ប្រទេសចិនកើនឡើងជិត ៥ភាគរយនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០

AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០​ — កាលពីថ្ងៃចន្ទ ការិយាល័យស្ថិតិជាតិ (NBS) របស់ចិនបាននិយាយថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនបានកើនឡើង ៤,៩ភាគរយនៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ចំពេលដែលមានស្ថានភាពរីករាលដាលនៃរោគរាតត្បាត។

NBS បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា «កំណើន GDP របស់ចិននៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២០ នេះ មានចំនួន ៤,៩ភាគរយ។ ក្រុមអ្នកជំនាញបានព្យាករណ៍ថា នឹងមានកំណើនប្រហែល ៥,២ភាគរយ។

យោងតាមទិន្នន័យកាលពីថ្ងៃចន្ទពី NBS បានបង្ហាញថា សេដ្ឋកិច្ចចិនបានកើនឡើង ០,៧ភាគរយក្នុងរយៈពេល ៣ត្រីមាសដំបូងនៃឆ្នាំ ២០២០ ។

NBS បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា «យោងតាមការប៉ាន់ស្មានបឋមបានឱ្យដឹងថា GDP ប្រចាំឆ្នាំរបស់ចិននៅក្នុងរយៈពេល ៣ត្រីមាសដំបូងនៃឆ្នាំ ២០២០ មានចំនួន ៧២,២៧៨ទ្រីលានយន់ (ប្រមាណ ១០,៧៨ទ្រីលានដុល្លារអាមេរិក) ពោល គឺកើនឡើង ០,៧ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កាលពីក្នុងខែកក្កដា ការិយាល័យស្ថិតិនេះបាននិយាយថា GDP របស់ប្រទេសចិនបានកើនឡើង ៣,២ភាគរយនៅក្នុងត្រីមាសទី ២ នៃឆ្នាំនេះ។

ទោះជាយ៉ាងណា សេដ្ឋកិច្ចចិនបានថយចុះ ៦,៨ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២០ ចំពេលដែលមានជំងឺរាតត្បាតកូវីដ-១៩ ។ ដោយសារតែស្ថានភាពដ៏លំបាកនេះ រដ្ឋាភិបាលចិនបានសម្រេចបោះបង់ចោលការអនុវត្តជាទូទៅរបស់ខ្លួនក្នុងការកំណត់គោលដៅលើកំណើន GDP នៅក្នុងឆ្នាំនេះ។

កាលពីខែមុន អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច (OECD) បានធ្វើការកែសម្រួលនូវការព្យាករណ៍របស់ខ្លួនសម្រាប់សក្ដានុពល GDP ឆ្នាំ២០២០ របស់ប្រទេសចិន ដោយរំពឹងថា នឹងមានកំណើន ១,៨ភាគរយ។ អង្គការ OECD ក៏បានកែសម្រួលការព្យាករណ៍របស់ខ្លួនសម្រាប់ឆ្នាំ ២០២១ ផងដែរ ដោយរំពឹងថា ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ២ នៅលើពិភពលោកមួយនេះនឹងកើនឡើង ៨ភាគរយនៅឆ្នាំក្រោយ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)