សភាថៃនឹងបើកសម័យប្រជុំពិសេសជុំវិញការ ធ្វើបាតុកម្មរបស់ក្រុមប្រឆាំងនៅទីក្រុងបាងកក

AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០​ — កាលពីថ្ងៃចន្ទ ប្រធានសភាជាតិថៃ លោក ឈួន លីកផៃ បាននិយាយថា សមាជិកសភាថៃនឹងជួបប្រជុំសភាវិសាមញ្ញ ដើម្បីពិភាក្សាអំពីការទាមទាររបស់អ្នកចូលរួមបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលកំពុងបន្តកើតមាននៅក្នុងទីក្រុងបាងកក។

លោក ឈួន បានប្រាប់អ្នកសារព័ត៌មានថា «សមាជិកសភានៃរដ្ឋាភិបាល និងគណបក្សប្រឆាំងបានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទថា យើងត្រូវការការកោះប្រជុំសភាបន្ទាន់មួយដើម្បីស្វែងរកច្រកចេញពីស្ថានភាពនៅក្នុងទីក្រុងបាងកក និងនៅក្នុងប្រទេសទាក់ទងនឹងការធ្វើបាតុកម្មទ្រង់ទ្រាយធំ ហើយវាត្រូវបានគេសម្រេចចិត្តធ្វើការកោះប្រជុំបែបនេះ»។

កាលបរិច្ឆេទ និងពេលវេលាផ្លូវការនៃកិច្ចប្រជុំនេះមិនទាន់ត្រូវបានបញ្ជាក់ឱ្យច្បាស់នោះទេ។

ក្រុមប្រឆាំងនៅក្នុងសភាបានជំរុញឱ្យមានការប្រជុំជាបន្ទាន់មួយចាប់តាំងពីថ្ងៃព្រហស្បតិ៍ នៅពេលដែលលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់-អូ-ចា បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននៅក្នុងទីក្រុងបាងកក ដែលនឹងមានរយៈពេលមិនលើសពី ៣០ថ្ងៃ។ ក្រឹត្យនេះបានហាមប្រាមការប្រមូលផ្តុំមនុស្សលើសពីប្រាំនាក់ និងផ្តល់សិទ្ធិអំណាចដល់ភ្នាក់ងារអនុវត្តច្បាប់ឱ្យប្រើអំណាចពិសេស។

ក្រុមប្រឆាំងបានចាត់ទុកការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននេះជារឿងខុសច្បាប់ ពីព្រោះបាតុកម្មនេះមានសន្តិភាព និងមិនគំរាមកំហែងដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈឡើយ។

ការធ្វើបាតុកម្មនៅក្នុងប្រទេសថៃពេលនេះ គឺស្ថិតនៅក្នុងខែទី ៣ ហើយ ដោយក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់បានអំពាវនាវឱ្យមានការកែទម្រង់រដ្ឋធម្មនុញ្ញទ្រង់ទ្រាយធំ។ ក្រុមអ្នកតវ៉ាទាមទារឱ្យមានការរំលាយនូវអ្វីដែលគេហៅថា របបផ្តាច់ការយោធារបស់លោក ប្រាយុទ្ធ។ ពួកគេក៏អំពាវនាវឱ្យមានការកំណត់អំណាចរបស់រាជានិយម និងដកច្បាប់តឹងរឹងដែលហាមឃាត់ការរិះគន់ព្រះមហាក្សត្រផងដែរ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)