ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តកំពង់ធំ ទទួល​អំណោយ​ពី​សប្បុរសជន សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​

AKP កំពង់ធំ ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០–
​ព្រឹក​ថ្ងៃ​៣​កើត ខែ​ក​ត្ដិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​១៩ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម សុខ លូ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តកំពង់ធំ បានទទួល​អំណោយ​ពី​សប្បុរសជន ដែល​បាន​ចូលរួម​ជួយ​ប្រជាពលរដ្ឋ​ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​កើតមាន​នៅក្នុង​ខេត្តកំពង់ធំ ។​

​អំណោយ​ទាំងនោះ រួមមាន​៖ ១. ព្រះគ្រូ​ចៅអធិការ​វត្ត​បទុម​សាគរ ឧបត្ថម្ភ​ថវិកា​ចំនួន ១.០០០​ដុល្លារ​អាម៉េរិក អង្ករ ៥​តោន ទឹកស៊ីអ៊ីវ​១០០​យួរ ទឹកត្រី​៦៧​យួរ មី​៥០​កេស ត្រីខកំប៉ុង​៥​កេស (​ក្នុង​មួយ​កេស​មាន ១០០​កំប៉ុង​) ភេសជ្ជៈ និង​ទឹក​ផ្លែឈើ ៥០​កេស​។ ២. លោក ហុង លី និង​លោកស្រី គីម គៀង ម្ចាស់​ភោជនីយដ្ឋាន ឡូ​វ គឹម​សេង ឧបត្ថម្ភ​ថវិកា ២​លាន​រៀល និង​អង្ករ ១​តោន ។ ៣. លោកស្រី ឡាយ គឹម​លីន និង​ស្វាមី ឧបត្ថម្ភ​អង្ករ ១​តោន ទឹកស៊ីអ៊ីវ​៤០​យួរ ទឹកត្រី​៤០​យួរ មី​២០​កេស ទឹកបរិសុទ្ធ​៥០​កេស ត្រីខកំប៉ុង​១​កេស​ធំ (១០​យួរ​)​។​

​ឯកឧត្តម សុខ លូ តំណាងឱ្យ​រដ្ឋបាលខេត្ត​ទាំងមូល បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន ដែល​បាន​ឧបត្ថម្ភ​ជា​ថវិកា និង គ្រឿងឧបភោគ​បរិភោគ ដល់​រដ្ឋបាលខេត្ត ក្នុង​ការងារ​មនុស្សធម៌ ដើម្បី​ធ្វើការ​ចាត់ចែង​រៀបចំ​ចែក​អំណោយ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ខេត្តកំពង់ធំ ដែល​នេះ​ជា​ការជួយ​សម្រាល​បន្ទុក​ដល់​ពួកគាត់​ផងដែរ ៕​ដោយ​៖ ស៊ុម វណ្ណា​