អភិបាលខេត្ត ចុះសួរសុខទុក្ខ និង ចែក​តង់​សំពត់​កៅស៊ូ​ដល់​ប្រជាពលរដ្ឋ ១០០​គ្រួសារ មក​ស្នាក់នៅ​ទីទួល​សុវត្ថិភាព​

AKP បាត់ដំបង ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០–​

នៅ​ព្រឹក​ថ្ងៃ​៣​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​១៩ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​បាន​ជម្លៀស​មក​ស្នាក់នៅ​ទីទួល​សុវត្ថិភាព ដែលមាន​ភូមិសាស្ដ្រ​តាម​បណ្ដោយ​ផ្លូវ​អាស៊ាន​ហាយ​វេ (​ផ្លូវជាតិ​លេខ​៥) ស្ថិតក្នុង​ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។​

​ឆ្លៀត​ក្នុងឱកាស​ចុះសួរសុខទុក្ខ​នោះ ឯកឧត្តម បាន​ចែកជូន​តង់​កៅស៊ូ​១០០​តង់ ដល់​បងប្អូន​ប្រជាពលរដ្ឋ ១០០​គ្រួសារ ដែល​មក​ស្នាក់នៅ​ទីទួល​សុវត្ថិភាព សម្រាប់​សង់​ស្នាក់អាស្រ័យ​ជា​បណ្ដោះអាសន្ន និង​បានធ្វើការ​អធ្យាស្រ័យ​ដល់​បងប្អូន​ដែលមាន​តង់​ស្រាប់ ឬ​បងប្អូន​ដែលមាន​ផ្ទះ​ជាប់​នឹង​មាត់​ផ្លូវ​ដែល​មិនបាន​តង់​នោះ សូម​ធ្វើការ​អធ្យាស្រ័យ​។ ព្រោះ​ដើម្បី ឱ្យ​បងប្អូន​ដែល​មកពី​ឆ្ងាយ​ពី​ផ្លូវជាតិ រង​ផលប៉ះពាល់​ខ្លាំង និង​មិនមាន​តង់​ត្រឹមត្រូវ​ស្នាក់អាស្រ័យ​ឱ្យទទួល​បាន​មុន ដើម្បី​សម្រួល​ដល់​ការ​ស្នាក់នៅ​បណ្ដោះអាសន្ន​របស់​ពួកគាត់ ។​

ឯកឧត្តម​អភិបាលខេត្ត ក៏បាន​រម្លឹក​ឱ្យ​បងប្អូន បង្កើន​ការប្រុងប្រយ័ត្ន​ពី​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​ទឹកជំនន់ ជាពិសេស​កុមារ​ដែល​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ សំខាន់​ត្រូវ​គិតគូរ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ រក្សា​អនាម័យ​ស្អាត បរិភោគ​ទឹក​ដាំ​ឆ្អិន ឬ​អាហារ​ដែល​ចម្អិន​បានល្អ​ចៀសវាង​ជំងឺ​រាតត្បាត​នានា​ដែល​បង្កឡើង​ដោយ​ទឹក និង​ប្រុងប្រយ័ត្ន​ពី​សត្វ​អាសិរពិស គ្រប់​ប្រភេទ​៕ ដោយ ណ​យ នឿន (​ប្រភព​:​រដ្ឋបាលខេត្ត​បាត់ដំបង​)