សេចក្តីជូនដំណឹង៖ ស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី២១-២៧ ខែតុលា ឆ្នាំ២០២០)

APP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០

(ភ្នំពេញ) ៖ យោងតាមស្ថានភាពនៃបម្រែបម្រួលជាក់ស្តែងនៃអាកាសធាតុបង្ហាញឲ្យឃើញថា កម្ពុជាយើងបានកំពុងនឹងបន្តទទួលនូវខ្យល់មូសុងនិរតីដែលមានកម្រិត មធ្យម ប្រព័ន្ធសម្ពាធទាបនៅបន្តអូសបន្លាយកាត់ពីលើ។

ទន្ទឹមនោះនៅក្នុងមហាសមុទ្រ ស្ថិតនៅខាងកើតប្រទេសហ្វីលីពីន និងអាចមានការក៏កើតឡើងនូវព្យុះ ទី១៧ ឈ្មោះ សូដែល (SAUDEL) ដែលតាមការព្យាករជាលក្ខណៈតំបន់បង្ហាញឲ្យឃើញថា ព្យុះនេះនឹងធ្វើដំណើរចូលភាគខាងជើងវៀតណាម ត្រង់ចំណុចខេត្តវិញ ក្នុងអំឡុងថ្ងៃទី២៥-២៦ ខែតុលា។

ព្យុះនេះអាចមានឥទ្ធិពលបន្តិចបន្តួចប៉ុណ្ណោះ នៃភាគឦសាន្តប្រទេសកម្ពុជា។

ស្ថានភាពបែបនេះធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖

* សីតុណ្ហភាពអប្បបរមា មានពី២២-២៤ អង្សាសេ។
* សីតុណ្ហភាពអតិបរិមា មានពី ២៩-៣១ អង្សាសេ។
នឹងមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅមធ្យម។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន្ត៖​

* សីតុណ្ហភាពអប្បបរមា មានពី២១-២៣អង្សាសេ។
* សីតុណ្ហភាពអតិបរមា មានពី២៨-៣០ អង្សាសេ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅមធ្យម។

៣៖តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ។
* សីតុណ្ហភាពអតិបរមា មានពី២៧-២៩ អង្សាសេ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ ទន្ទឹមនោះ នៅថ្ងៃទី២៤-២៨ ខែតុលា ឆ្នាំ២០២០ អាចមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់៕

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថៃ្ងទី២០ ខែតុលា ឆ្នាំ២០២០ ៕ ដោយ៖ ធូ កុសល