សម្តេចតេជោ ថ្លែងអំណរគុណដល់ មន្ត្រីរាជការ សប្បុរសជន កងកម្លាំងគ្រប់ប្រភេទ និងក្រុមការងារយុវជនស្ម័គ្រចិត្ត ដែលចូលរួមជួយប្រជាពលរដ្ឋ កំពុងរងគ្រោះដោយទឹកជំនន់

APP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០–
(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវសេចក្តីអំណរគុណ ជូនចំពោះ មន្ត្រីរាជការ សប្បុរសជន កងកម្លាំងគ្រប់ប្រភេទ និងក្រុមការងារយុវជនស្ម័គ្រចិត្ត ដែលចូលរួមជួយប្រជាពលរដ្ឋ កំពុងរងគ្រោះដោយទឹកជំនន់។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានលើកឡើថា «សូមថ្លែងអំណរគុណដល់មន្ត្រីរាជការ បណ្ដាសប្បុរសជនទាំងឡាយ បងប្អូនកងកម្លាំង និងក្រុមការងារយុវជនស្ម័គ្រចិត្តផ្សេងៗជាច្រើនទៀត ដែលបានចូលរួមចំណែកក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន ដូចជាការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រឈមនូវការគ្រោះថ្នាក់ ដោយយថាហេតុផ្សេងៗក្នុងពេលទឹកជំនន់ និងការផ្ដល់ស្បៀងអាហារជាបន្ទាន់»។

ឆ្លៀតពេលនោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នដោយខ្លួនឯង ជាពិសេសត្រូវមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗ ត្រូវរស់នៅស្អាត ហូបស្អាតអំឡុងពេលទឹកជំនន់ និងក្រោយពេលទឹកជំនន់។

គួរបញ្ជាក់ផងដែរថា យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា គិតត្រឹមម៉ោង ៥ និង៣៤នាទីល្ងាច ថ្ងៃ១៨ ខែតុលា ឆ្នាំ២០២០នេះ ថវិកាសប្បុរសជន ដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង តាមរយៈសម្តេចតេជោ កើនដល់៧,០៣០,៥៤៩ ដុល្លារ, ប្រាក់រៀលជាង៤០៧,០២៥,០០០ និង ៥.០០០€ (ប្រាំពាន់អឺរ៉ូ)។

សម្តេចតេជោបានបញ្ជាក់ ថវិកាទាំងនោះ បានមកពីសប្បុរសជនចំនួន ១៥៥នាក់។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ថវិកាដែលសប្បុរសជនចូលរួមនេះ នឹងចាត់ចែងជួយសង្រ្គោះបន្ទាន់ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ក្នុងករណីយមានសប្បុរសជន ចង់ចូលរួមបន្ថែមទៀត សម្តេចជោ បានណែនាំឲ្យបងប្អូន ទាក់ទងលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី។

សម្តេចបានរំលេចនូវពាក្រស្លោកមួយថា »ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»៕

ដោយ៖ កន ចំណាន