ក្រសួងអភិវឌ្ឍន៍ជនបទជំរុញការលើកកម្ពស់អនាម័យនៅទូទាំងប្រទេស

វិទ្យុជាតិកម្ពុជា ៖លោកជួន បូណា


MC៖ក្រសួង អភិវឌ្ឍន៍ ជនបទ បានជំរុញឱ្យភាគីពាក់ព័ន្ធ បង្កើនការលើកកម្ពស់អនាម័យឱ្យបានទូលំទូលាយដើម្បីសម្រេចបានអត្រាគ្របដណ្ដប់ទឹកស្អាតនិងអនាម័យ១០០ភាគរយទូទាំងប្រទេសនៅឆ្នាំ២០២៥។
ឯកឧត្ដម ថោង ពោជ អនុរដ្ឋលេខា
ធិការក្រសួងអភិវឌ្ឍន៍ជនបទ បានស្នើឱ្យគ្រប់ស្ថាប័ន អង្គភាព ខេត្ដ ខណ្ឌ ស្រុក ឃុំ សង្កាត់ ភូមិ និង គ្រួសារនីមួយៗបន្ដអនុវត្តផែនការលើកកម្ពស់ទឹកស្អាត និងអនាម័យ ដើម្បីឈាន ទៅសម្រេចទស្សនវិស័យ និងគោលដៅរបស់រាជរដ្ឋាភិបាល ដែលកំណត់ថា នៅឆ្នាំ២០២៥ប្រជាពលរដ្ឋគ្រប់រូប និងសហគមន៍ជនបទត្រូវមានទឹកស្អាតគ្រប់គ្រាន់ និងមានអនា
ម័យ ។
ការបង្កើនអនាម័យនេះ គ្រប់ភាគីពាក់ព័ន្ធត្រូវខិតខំប្រតិបត្ដិ និងអនុវត្ដតាមតួនាទីរៀងៗខ្លួន មានដូចជា ទី១គឺសាងសង់ និងប្រើប្រាស់បង្គន់ ទី២លាងសម្អាតដៃនឹងសាប៊ូ និងទី៣ ការបរិភោគទឹកមានសុវត្ថិភាព ដើម្បីធានាការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពថ្លៃថ្នូរ សំបូររុងរឿង។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះការខិតខំ ប្រឹងប្រែង របស់ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធទាំងអស់ ចូលរួមយ៉ាងសកម្មក្នុងការធ្វើឱ្យមានការប្រែប្រួលជាវិជ្ជមាន
ក្នុងវិស័យទឹកស្អាត ការសម្អាត និងអនាម័យ ជនបទនៅក្នុងប្រទេសកម្ពុជា។
លោក យង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង បានប្ដេជ្ញាចិត្ដក្នុងការចូលរួម លើកកម្ពស់អនាម័យ និងបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនៅក្នុងស្រុកឱ្យទទួលបានតាមផែនការរបស់រាជរដ្ឋាភិបាល។ លោកមានប្រសាសន៍ថា
ឆ្នាំ២០២១ ស្រុករលាប្អៀរនឹងបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល គឺត្រូវតែមានបង្គន់អនាម័យ ហើយប្រមូលប្រជាពលរដ្ឋដែលបត់ជើងពាសវាលពាសកាល មកណែនាំ និងអប់រំឱ្យបានយល់ដឹងអំពីបញ្ហាប្រឈម និងផលប៉ះពាល់ផ្សេងៗដែលរស់នៅមិនមានអនាម័យ»។
លោក អភិបាល ស្រុក បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ នៅស្រុករលាប្អៀរ មានការផ្លាស់ប្ដូរឥរិយាបថច្រើនក្នុងការរក្សាអនាម័យ និងមិនបន្ទោរបង់ពាសវាលពាសកាលដូចពីមុនទេ ។
សូមបញ្ជាក់ថា អត្រាប្រជាពលរដ្ឋកម្ពុជាដែលមិនទាន់បានប្រើប្រាស់ទឹកស្អាតមានប្រមាណ៤០ភាគរយ ហើយ២៩ភាគរយខ្វះអនាម័យនិង២១ភាគរយ មិនមានការលាងដៃជាមួយសាប៊ូ ៕