កសិករឃុំលាងដៃ ស្រុកអង្គរធំខេត្តសៀមរាប ប្រែក្លាយពីជាងសំណង់មកដាំបន្លែសុវត្ថិភាពបានជោគជ័យ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប


MC. កសិករនៅឃុំលាងដៃ ក្នុងស្រុកអង្គរធំខេត្តសៀមរាប បានប្រែក្លាយពីជាងសំណង់មកដាំបន្លែសុវត្ថិភាពទទួលបានជោគជ័យ ធ្វើឱ្យជីវភាពក្នុងក្រុមគ្រួសារបានល្អប្រសើរ

លោកដែន ហៀរ អាយុ៣៨ឆ្នាំ រស់នៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំខេត្តសៀមរាប ដំបូងឡើយមានមុខរបរជាជាងសំណង់រយៈ១៥ឆ្នាំមកហើយ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ លោកបានងាកមកដាំបន្លែសុវត្ថិភាពវិញ បានទទួលជោគជ័យ ដោយអាចរកចំណូលបានខ្ពស់ ។
លោកដែន ហៀរបានឱ្យដឹងថា លោកបានចាប់ផ្តើមមុខរបរដាំបន្លែសុវត្ថិភាពរយៈពេល៥ឆ្នាំមកហើយ បច្ចុប្បន្នលោកដាំបន្លែ គ្រប់ប្រភេទ ទៅតាមការកម្មង់ទិញរបស់អតិថិជន ដោយក្នុង១ថ្ងៃក្រុមរបស់លោកអាច
លក់បន្លែចេញបានប្រមាណ១០តោន ប៉ុន្តែក្រោយពេលវិបត្តិនៃជំងឺកូវីដ១៩
បានថយនៅត្រឹម២តោនក្នុង១ថ្ងៃ ។
លោកឱ្យដឹងថា ៖ដំណាំបន្លែទាំងនោះ
មាន ត្រសក់ស្រូវ ត្រសក់ទ្រើង ម្រះ ននោង ត្រឡាច ល្ពៅ ម្ទេស ត្រប់គ្រប់ប្រភេទ។ លោកដាំតាមទីផ្សារ
តម្រូវ បើសិនទីផ្សារបញ្ជាទិញច្រើនលោកដាំដល់១០ហិកតា ។ តម្លៃលក់
ចេញបានជាង១ពាន់រៀល ។ ការដាំនេះ មានការជួយគាំទ្រពី អង្គការ ហាវេស ចុះមកជួយកសិករដែលមាន
ប័ណ្ណក្រីក្រ ចំពោះលោកអត់មាន
ប័ណ្ណក្រីក្រទេ ក៏ធ្វើតាមគេ ឃើញគេធ្វើអី្វធ្វើហ្នឹងគេ ដោយមិនដឹងថា បន្លែសុវត្ថិភាពយ៉ាងម៉េច បន្លែគីមីយ៉ាង
ម៉េចផង តែយើងសម្រេចចិត្តយក
បន្លែសុវត្ថិភាព ដែលវាងាយស្រួលធ្វើជាងបន្លែផ្សេងៗ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប
បានបង្កើតព្រឹត្តិការណ៍ផ្សារណាត់បន្លែសុវត្ថិភាពរៀងរាល់ចុងសប្តាហ៍នៅមុខព្រះរាជដំណាក់ ក្រុងសៀមរាប ដើម្បីបង្កើតឱកាសទីផ្សារដល់អ្នកដាំដុះបន្លែសុវត្ថិភាពបានបង្កើនប្រាក់ចំណូលក្នុងក្រុមគ្រួសារកាន់តែប្រសើរ ។