ក្រុមគ្រូពេទ្យក្នុងខេត្តព្រះសីហនុ ត្រៀមកម្លាំងជួយព្យាបាលជំងឺពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា


MC៖ក្រុមគ្រូពេទ្យទូទាំងខេត្តព្រះសីហនុបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយពិនិត្យសុខភាព និងព្យាបាល ជំងឺប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងដើម្បីមានសុវត្ថិភាពកុំឱ្យឆ្លងជំងឺផ្សេងៗ។
លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា នៅតាមមន្ទីរពេទ្យនិងមណ្ឌលសុខភាពទូទាំងខេត្ត បានត្រៀមលក្ខណៈរួចជាស្រេច នូវសម្ភារពេទ្យនិងឱសថ ដើម្បីបម្រុងទុកពិនិត្យនិងព្យាបាលជំងឺប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។
លោកស្រី បានបញ្ជាក់ថា នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនីមួយៗត្រូវបានបែងចែកឱ្យមានក្រុមគ្រូពេទ្យប្រចាំការ ជាប់ជាប្រចាំនៅតាមមណ្ឌលសុខភាព នៅទីទួលសុវត្ថិភាព ដើម្បីណែនាំអប់រំប្រជាពលរដ្ឋអំពីបញ្ហាសុខភាព តាមរយៈការហូបស្អាត រស់នៅស្អាត ដើម្បីការពារកុំឱ្យឆ្លងជំងឺផ្សេងៗ និងផ្ដល់សេវាកម្មថែទាំសុខភាពដល់បងប្អូន។
លោកស្រីបញ្ជាក់ថា « នៅកំពង់សោម យើងមានមន្ទីរពេទ្យតែមួយទេ តែយើងមានមណ្ឌលសុខភាពទៀត ហើយគ្រប់មណ្ឌលសុខភាព សុទ្ធតែត្រៀមខ្លួនរួចជាស្រេចសម្រាប់ជួយប្រជាពលរដ្ឋ ។
លោកស្រីអំពាវនាវ ឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នលើបញ្ហាសុខភាពអំឡុងពេលជំនន់ទឹកភ្លៀង ដែលតែងតែបង្កឡើងនូវជំងឺផ្សេងៗ ដូចជាជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺផ្តាសាយ ជំងឺរាគ សត្វអាសិរពិសទិចឬខាំ និងជំងឺឆ្លងដទៃទៀត។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ខែតុលា ជំនន់ទឹកភ្លៀងនៅក្នុងខេត្តព្រះសីហនុ បានធ្វើឱ្យប៉ះពាល់ស្រុកចំនួន៤ និង១២ឃុំ និងប៉ះពាល់ប្រជាពលរដ្ឋចំនួន១.៨០៧គ្រួសារ ក្នុងនោះ៤៧៥គ្រួសារ ត្រូវបានជម្លៀសទៅរកទីទួលសុវត្ថិភាព ខណៈផ្ទះចំនួន៣ខ្នង ត្រូវបានខូចខាត ហើយផ្លូវជាតិនិងផ្លូវខេត្តរងផលប៉ះពាល់ចំនួន៤៩៨ម៉ែត្រ និងផ្លូវលំជនបទ ចំនួន៧.១៧០ម៉ែត្រ៕​