រាជរដ្ឋាភិបាល និងអង្គការទស្សនៈពិភពលោក ប្តេជ្ញាស្តារស្ថានភាពកុមារពីផលប៉ះពាល់ជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៩ ១០ ០២០


ភ្នំពេញ៖ រាជរដ្ឋាភិបាល និងអង្គការទស្សនៈពិភពលោក ប្តេជ្ញាស្តារស្ថានភាពកុមារឡើងវិញពីផលប៉ះពាល់ជំងឺកូវីដ១៩ បន្ទាប់ពីកុមារកម្ពុជាជាច្រើនមិនបានចូលសាលារៀន និងជួបបញ្ហាខ្វះអាហារូបត្ថម្ភ។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងរៀបចំយុទ្ធសាស្រ្ត ដើម្បីស្តារមកវិញនូវផលប៉ះពាល់ផ្សេងៗពាក់ព័ន្ធនឹងយុវជន និងកុមារ។
ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយលោក Edward Danielraj Selvanayagam នាយកអង្គការទស្សនៈពិភពលោក ដែលទើបទទួលតំណែងថ្មីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៩ខែតុលា ឆ្នាំ២០២០ ឯកឧត្តម បានបង្ហាញការគាំទ្រដល់អង្គការទស្សនៈពិភពលោក ដែលបានធ្វើសកម្មភាពមនុស្សធម៌នៅកម្ពុជា មានដូចជា បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គម្រោងលុបបំបាត់ពលកម្មកុមារ កម្មវិធីផ្តល់អាហារូបត្ថម្ភដល់កុមារ កម្មវិធីសុខភាព ការអប់រំ បង្កើតឱកាសការងារ និងការដោះស្រាយលើកុមារតូចៗ ជាដើម។
លោកនាយកអង្គការទស្សនៈពិភពលោកប្រចាំប្រទេសកម្ពុជា បានសម្ដែងការពេញចិត្តជាខ្លាំងនូវអ្វីដែលជាវិធានការ របស់រដ្ឋាភិបាលកម្ពុជា និងចំណាត់ការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ លោកបានសន្យាចង់បន្តការងារនេះឱ្យល្អប្រសើរថែមទៀត៕​